ជិត​ពីរ​ឆ្នាំ​ហើយ​ដែល​រឿង​ភាគ​មនោសញ្ចេតនាស្នេហា​ Crash landing on You បាន​បញ្ចាំង​នៅ​លើ​ Platform Netflix ប៉ុន្តែ​ប្រជាប្រិយភាព​របស់​រឿង​នេះ​នៅ​តែ​បន្ត​កើន​ឡើង​ និង​មាន​ឥទ្ធិពល​ក្នុង​ដួង​ចិត្ត​អ្នក​គាំទ្រ​ ​សម្រាប់​ប្រទេស​កូរ៉េ​ខាង​ជើង​ជា​កន្លែង​ដែល​សាច់​រឿង​ចាប់​ផ្ដើម​នៅ​ទីនោះ​ មាន​យុវជន​ជា​ច្រើន​ត្រូវ​បាន​ចាប់​ខ្លួន​និង​ចោទ​ប្រកាន់​ហើយ​ត្រូវ​ដាក់​គុក​ដោយ​ស្ថាន​ទោសធ្ងន់ធ្ងរ។ ហេតុការណ៍​ចាប់​យុវជន​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​នេះ​ទោះ​ជា​មិន​ត្រូវ​បាន​ប្រកាស​ច្បាស់​ តែ​ត្រូវ​បាន​មតិ​សាធារណៈផ្ដោត​ការ​ចាប់​អារម្មណ៍​លើបញ្ហា​សិទ្ធិ​មនុស្ស​របស់​ប្រទេស​នេះ។

កាល​ពី​ចុង​ខែ​សីហា យុវជន​៨​​នាក់​ ត្រូវ​បាន​ចាប់​ដាក់​គុក​ដោយ​សារ​តែ​លួច​មើល​និង​ធ្វើ​ត្រាប់​តាម​តួ​អង្គ​ផ្សេង​ៗ​ក្នុង​រឿង​ភាគ​កូរ៉េ​ខាង​ត្បូង​ដោយ​ក្នុង​នោះ​រួម​បញ្ចូល​ទាំង​រឿង​ភាគ​ដ៏​ល្បី​ល្បាញ​ «Crash Landing on You» នេះ​បើ​យើង​តាម​ការ​ផ្សព្វផ្សាយ​ដោយ​សារព័ត៌មាន​ The Daily NK។

តារា​ tiktok ដែល​មាន​ឈ្មោះ​គណនី​ Priscilla Kwon បាន​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ​នៅ​លើ​គណនី​របស់​ខ្លួន​ ដែល​ភាគ​ច្រើន​គណនី​របស់​កញ្ញា​ច្រើន​តែ​និយាយ​រៀបរាប់​ពី​គ្រប់​រឿងរ៉ាវ​ទាំង​អស់​​ពាក់ព័ន្ធ​នឹង​ប្រទេស​កូរ៉េ​។

វីដេអូ​នោះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ដោយ​មាន​ចំនួន​មនុស្ស​ Like និង​ Share យ៉ាង​ច្រើន​ ដោយ​សារ​តែ​មាន​យុវជន​កូរ៉េ​ខាង​ជើង​ចំនួន​៦​នាក់​ត្រូវ​បាន​កាត់ទោស​និង​ដាក់​ពន្ធនាគារ​ក្រោយ​រក​ឃើញ​ថា​លួច​មើល​និង​ត្រាប់​តាម​រឿង​ភាគ​កូរ៉េ​ខាង​ត្បូង​។

រឿង​ភាគ​ «Crash Landing on You» ឬ​ «ចំណតស្នេហ៍ក្នុង​បេះដូង​បង» ស្ថិត​ក្នុង​ចំណោម​វីដេអូ​ជាច្រើន​ទៀត​ដែល​យុវវ័យ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​ចូលចិត្ត​មើល​ហើយ​រង​ការ​ចោទប្រកាន់​លួច​មើល​។ រឿង​ភាគ​នេះ​បរិយាយ​ពី​ស្នេហា​រវាង​មេបញ្ជាកា​កូរ៉េ​ខាង​ជើង​និង​កូន​ស្រី​មហាសេដ្ឋីនៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ ដែល​ជួប​ឧប្បត្តិហេតុ​ធ្លាក់​ចូល​ក្នុង​ព្រំដែន​ប្រទេសកូរ៉េ​ខាង​ជើង​ ហើយ​ជាប់​នៅ​ក្នុង​ប្រទេស​នោះ​ជាមួយ​នឹង​តួឯក​ប្រុស​ ខណៈ​ស្វែង​រក​ផ្លូវ​មក​​​ប្រទេស​កំណើត​​វិញ​តាម​រយៈ​​ការ​ជួយ​ពី​តួឯក​ប្រុស​ បង្កើត​បាន​ជា​​​កំណើត​ស្នេហា​ហាម​ឃាត់​រវាង​ទាហាន​កូរ៉េ​ខាង​ជើង​និង​នារី​កូរ៉េខាង​ត្បូង​។

រឿង​ភាគ​នេះ​​បាន​ក្លាយ​ជា​រឿង​ភាគ​កូរ៉េ​ទីពីរ​ដែល​មាន​ចំនួន​ទស្សនា​ច្រើន​ក្នុង​ប្រវត្តិសាស្ត្រ​ភាពយន្ត​របស់​ប្រទេស​កូរ៉េខាង​ត្បូង​ ហើយ​រឿង​នេះ​ក៏​ជា​រឿង​ដែល​មាន​ការ​ពេញ​និយម​ពី​សំណាក់​អ្នក​ទស្សនា​ទាំង​ជាតិ​និង​អន្តរជាតិ​ខ្លាំង​ផង​ដែរ​។

Crash Landing on You គឺ​ជា​រឿង​ភាគ​មនោសញ្ចេតនារបស់​ទូរទស្សន៍ TVN សម្ដែង​ដោយ​ តារា​សម្ដែង​រូប​សង្ហាថ្ពាល់ខួច​ Hyun Bin និងតារា​ស្រី​ម្ចាស់​រហស្សនាមតារា​ទឹក​ភ្នែក​​​ Son Ye Jin៕

Telegram-Troryorng
Share.