ណាណា ជាក្មេងស្រីឆ្លាតវៃម្នាក់ ដែលល្បីល្បាញនៅលើបណ្ដាញសង្គមហ្វេសបុក ដែលពូកែវោហារសព្ទមិនចាញ់មនុស្សចាស់ បានប្រកាសថា ណាណា បានចាក់វ៉ាក់សាំងកូវីដ១៩ រួចហើយ កាលពីថ្ងៃទី ២០ ខែកញ្ញា។

តាមរយៈវីដេអូខ្លីមួយ ដែលបង្ហោះលើផេកសម្ដេចតេជោ ហ៊ុន សែន ដោយណាណា បាននិយាយថា ណាណា បានចាក់វ៉ាក់សាំងរួចហើយ នៅមណ្ឌលសុខភាពទួលគោក ហើយណាណា បានថ្លែងអំណរគុណចំពោះសម្ដេចតា សម្ដេចយាយ ដែលបាននាំយកវ៉ាក់សាំងជូនណាណា និងក្មេងៗដទៃទៀត។

ឯសាររបស់សម្ដេចតេជោ ហ៊ុន សែន នៅលើផេកក៏បានសរសេរបន្ថែម ដោយទទូចឲ្យឪពុកម្ដាយ ដែលមានកូនអាយុចាប់ពី ៦ឆ្នាំ ដល់១២ឆ្នាំ ត្រូវនាំកូនទៅចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ឲ្យបានគ្រប់ៗគ្នា។

ទន្ទឹមនឹងនេះ សម្ដេចតេជោ ហ៊ុន សែន បានជូនពរដល់ ណាណា និងចៅៗទូទាំងប្រទេសដែលបានចាក់វ៉ាក់សាំងរួចហើយមានសុខភាពល្អ ជៀសផុតពីជំងឺកូវីដ-១៩ គ្រប់ៗគ្នា។

គួររំលឹកថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យកុមារដែលមានអាយុពី ៦ ទៅក្រោម ១២ ឆ្នាំ ត្រូវបានចាប់ផ្តើមកាលពីថ្ងៃទី ១៧ ខែកញ្ញា ក្រោមអធិបតីភាពរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីបង្កើនប្រព័ន្ធភាពស៊ាំអោយកាន់តែខ្លាំង និងក៏ដូចជាបើកសាលារៀនឡើងវិញទូទាំងប្រទេស។ យុទ្ធនាការចាក់វ៉ាក់សាំងឲ្យកុមារ បានចាប់ផ្តើមដោយមានកុមារចំនួន ជិត៥សែននាក់ បានចាក់វ៉ាក់សាំងក្នុងរយៈពេល ៣ ថ្ងៃដំបូង។

គិតត្រឹមថ្ងៃទី ២០ ខែកញ្ញា ម្សិលមិញនេះ ប្រទេសកម្ពុជាទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន២៩,៦ លានដូសពីការបញ្ជាទិញ និងការបរិច្ចាគ៖ វ៉ាក់សាំងSinopharmចំនួន ៧,៨ លានដូស វ៉ាក់សាំងSinovac ១៩ លានដូស វ៉ាក់សាំង AstraZeneca ១,៧៣៩,០០០ ដូស និងវ៉ាក់សាំង Johnson & Johnson ចំនួន ១,០៦៤,៦០០ ដូស។ កម្ពុជាមានគោលបំណងបង្កើនប្រព័ន្ធភាពស៊ាំរួមឲ្យកាន់តែខ្លាំង តាមរយៈការចាក់វ៉ាក់សាំងឲ្យបានពេញលេញដល់ប្រជាជនយ៉ាងតិច៩១% នៃប្រជាជនសរុបចំនួន ១៦ លាននាក់។

ចំពោះស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ តែទើបប្រកាសម្សិលមិញ គឺរកឃើញករណីឆ្លងថ្មីកូវីដ១៩ ចំនួន ៦២២ករណី ខណ:មានករណីជាសះស្បើយចំនួន ៤៧៣ករណី និងករណីស្លាប់ចំនួន ១៤នាក់នៅក្នុងនោះករណីឆ្លងជាអ្នកដំណើរមកពីបរទេសចំនួន ១៧៨នាក់។

ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩សរុបមានចំនួន ១០៤,៧១៦នាក់ ខណ:ករណីអ្នកជាសះស្បើយសរុបមានចំនួន ៩៧,៧០០នាក់ និងករណីអ្នកស្លាប់សរុបមានចំនួន ២១២៣នាក់៕

Share.