ក្រសួងធនធានទឹក និងឧតុបានបញ្ជាក់ថា នៅថ្ងៃទី២២-២៦ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជា ទទួលរងនូវឥទ្ធិពលប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយកាត់លើតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ជាមួយនឹងខ្យល់មូសុងនិរតីបក់ នៅក្នុងល្បឿនមធ្យមទៅបង្គួរ។

បន្តមកសម្ពាធទាប ដែលស្ថិតនៅក្នុងប្រព័ន្ធ (ITCZ) ស្ថិតខាងកើតហ្វីលីពីន អាចវិវត្តខ្លួន ទៅជាសម្ពាធទាបសកម្ម ឬវិសម្ពាធនៅលើសមុទ្រចិនខាងត្បូង។

តាមការព្យាករគន្លងរបស់សម្ពាធទាបសកម្ម ឬវិសម្ពាធទាបនេះ នៅថ្ងៃទី២៤-២៥ ខែកញ្ញា នឹងបក់ចូលប្រទេសវៀតណាម ស្ថិតនៅចន្លោះគីញើន (Qui Nhon) និងដាណាង (Da Nang)។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល
-សីតុណ្ហភាពអប្បបរមា មានពី២៣-២៥°C
-សីតុណ្ហភាពអតិបរមា មានពី៣២-៣៤°C
-អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន ដែលនឹងអាចបង្កជាជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រមួយចំនួន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ។

បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
-សីតុណ្ហភាពអប្បបរមា មានពី២២-២៤°C
– សីតុណ្ហភាពអតិបរមា មានពី៣១-៣៣°C
– អាចនឹងមានភ្លៀងធ្លាក់ ក្នុងកម្រិតពីមធ្យមទៅខ្លាំង ដែលនឹងអាចបង្កជាជំនន់ទឹកភ្លៀង នៅបណ្តាខេត្តជាប់ជួរភ្នំដងរែក ភាគឦសានជាប់ប្រទេសវៀតណាម ព្រះវិហារ និងឧត្តរមានជ័យ។

តំបន់មាត់សមុទ្រ

សីតុណ្ហភាពអប្បរមាមានពី២៣-២៥°C
-សីតុណ្ហភាពអតិបរមាមានពី៣២-៣៥°C
– អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន ដែលនឹងអាចបង្កជាជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រមួយចំនួននៃខេត្តកោះកុង និងខេត្តព្រះសីហនុ។ នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងខ្យល់ និងរលកសមុទ្រមធ្យម។

ក្រសួងធនធានទឹក អំពាវនាវដល់សាធារជនសូមបង្កើនការយកចិត្តទុកដាក់ខ្ពស់ ដើម្បី ជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕

Share.