បាត់ដំបង៖ សារធាតុញៀនច្រើនប្រភេទ និងជាច្រើនក្រាមត្រូវនគរបាលជំនាញផ្នែកប្រឆាំងគ្រឿងញៀនក្រុងបាត់ដំបង ដកហូតបានក្នុងពេលបង្ក្រាបឃាត់ខ្លួនជនសង្ស័យ ១នាក់។

លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបងបានបង្ហើបឲ្យដឹងថា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០២១កន្លងមកកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុង បានចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ ករណី ជាបទល្មើសជាក់ស្តែង ដោយក្នុងនោះឃាត់ខ្លួនបានជនសង្ស័យ០១នាក់នៅនឹងកន្លែង។

ការបង្ក្រាប នេះធ្វើឡើងនៅត្រង់ចំណុចក្រុមទី ២២ ក្នុងភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ជនសង្ស័យមានឈ្មោះ សេង សុខឡា ភេទប្រុស អាយុ ៣៤ ឆ្នាំ មានទីលំនៅ ភូមិ/សង្កាត់ទីតាំងកើតហេតុខាងលើ ភ្លាមៗនៅជាប់នឹងខ្លួននគរបាលជំនាញរឹបអូសវត្ថុតាងបានម្សៅក្រាម ពណ៌សថ្លាច្រកថង់ប្លាស្ទិក ០១ថង់តូចសង្ស័យជាសារធាតុញៀន។

លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន បានបន្ថែមថា ក្រោយពីការឃាត់ខ្លួនជនសង្ស័យ កម្លាំងបង្ក្រាបបានបន្តការឆែកឆេរលំនៅដ្ឋាន និង បន្ទប់ជួលរបស់ជនសង្ស័យ ត្រង់ចំណុចក្រុមទី ២២ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង រកឃើញម្សៅក្រាមពណ៌សថ្លា ច្រកក្នុងថង់ប្លាស្ទិក ចំ នួន ៩ ថង់ មានទម្ងន់៣៣.៩៥ក្រាម, ម្សៅក្រាមពណ៌សស្រអាប់ច្រកក្នុងថង់ប្លាស្ទិក ០១ថង់មានទម្ងន់២១.៥៥ ក្រាម និងថ្នាំគ្រាប់ ពណ៌ផ្កាឈូកប្រភេទអិចស្ត្រាសុី ចំនួន ៦២គ្រាប់ មានទម្ងន់ ២៣.៣០ ក្រាម រួមទាំងសម្ភារ:ពាក់ព័ន្ធមួយចំនួនទៀត។

ចំពោះមុខនេះ នគរបាលផ្នែកជំនាញក្រុងបាត់ដំបងកំពុងកសាងសំណុំរឿងត្រៀមនាំខ្លួនជនសង្ស័យ ក៏ដូចជាវត្ថុតាងបញ្ជូនបន្តទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការនគបាលខេត្តដើម្បីអនុវត្តតាមនីតិវិធី៕

អត្ថបទ៖ ដំបងក្រញូង

Share.