បាត់ដំបង៖ ក្រុមអាជីវករដឹកបន្លែផ្លែឈើឆ្លងកាត់តាមច្រកអន្តរជាតិដូង ស្រុកកំរៀងជាច្រើននាក់ប្រមូលផ្តុំគ្នានៅមុខការិយាល័យគយ និងរដ្ឋាករដូង តវ៉ាសុំឲ្យមន្ត្រីគយបន្ធូរបន្ថយសេវាបង់ពន្ធលើការដឹកជញ្ជូន និងការនាំចេញ។

ក្រុមអ្នកទិញបន្លែផ្លែឈើ ព្រមជាមួយរថយន្តស៉ាំយ៉ុងជាច្រើនគ្រឿងក្នុងការប្រមូលផ្តុំគ្នានៅថ្ងៃទី ២៣នេះបានលើកឡើងថា ការជួបប្រមូលផ្តុំគ្នាយ៉ាងច្រើនកកកុញនៅពេលនេះ គឺដើម្បីស្នើសុំឲ្យមន្ត្រីការិយាល័យគយ និងរដ្ឋាករដូងបន្ធូរបន្ថយសេវាបង់ពន្ធលើការដឹកជញ្ជូន និងនាំចេញនូវបន្លែ ផ្លែ ឈើដូចជា ម្ទេស ការ៉ុត ស្ពៃក្តោប ផ្លែប៉ម ម៉ុងឃុតជាដើម…។

ប្រភពខាងលើបញ្ជាក់ដែរថា ចំពោះការបង់ពន្ធជូនរដ្ឋ ពួកគាត់មិនជំទាស់ទេ តែសុំឲ្យបង់ក្នុងតម្លៃដូចលើកមុន ដែលក្នុង ១រថយន្តសាំយ៉ុងបង់តែ ៥ទៅ៦ម៉ឺនរៀលប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នមន្ត្រីគយតម្រូវឲ្យបង់ចាប់ពី១០ទៅ២០ម៉ឺនរៀល បើតម្លើងបង់ពន្ធច្រើនពេកពួកគាត់មិនចំណេញទេ ម៉្យាងទៀតបានប៉ះពាល់ដោយសារជំងឺកូវីដ-១៩ផងដែរ។

រីឯរថយន្តធុនធំទម្ងន់ផ្ទុក ២,៥តោន ពីមុនបង់លុយត្រឹមតែចំនួន ១០ ទៅ២០ម៉ឺនរៀលតាមឥវ៉ាន់តិច ឬច្រើន តែបច្ចុប្បន្នត្រូវឲ្យបង់ពន្ធចំនួន ៧០ ម៉ឺនរៀល ចំណែកឯទំនិញផ្សេងៗក្រៅពីបន្លែផ្លែឈើគឺតម្រូវឲ្យបង់ពន្ធច្រើនជាងនេះ។

ពាក់ព័ន្ធបញ្ហាខាងលើ លោក សុខ គឹមខុន អភិបាលស្រុកកំរៀងបានលើកឡើងថា ក្រុមអាជីវករដែលតវ៉ានេះភាគច្រើនជាអ្នកចម្ងាយក្រៅពីអ្នកខេត្តបាត់ដំបង ពួកគាត់បានប្រមូលផ្តុំគ្នាតាំងពីអំឡុងម៉ោងជិត ១១:០០នាទីព្រឹក ហើយមកទល់ម៉ោង ១:០០នាទីរសៀលថ្ងៃនេះ នៅមិនទាន់រំសាយនៅ ឡើយទេដោយសារពួកគាត់មិនព្រមទទួលយកការសម្របសម្រួលពីអាជ្ញាធរស្រុក។ ចំពោះមុខនេះនៅរសៀលថ្ងៃដដែលលោកអភិបាលរងខេត្តបាត់ដំបងទទួលបន្ទុក នឹងអញ្ជើញចូលខ្លួន ដើម្បីរកដំណោះស្រាយកណ្តាល សមស្របមួយឲ្យល្អទាំង ២ភាគីរវាង មន្ត្រីគយដូង និងក្រុមអាជីវករខាង លើ៕

អត្ថបត៖ ដំបងក្រញូង

Share.