បាត់ដំបង៖ ផ្លូវជាតិលេខ ៥ពីកំណាត់ផ្លូវទីប្រជុំជនខេត្តបាត់ដំបង ទៅក្រុងសិរីសោភ័ណ និងហាយវេប្រវែងជាង ៨៤គីឡូម៉ែត្របានដាក់ឲ្យដំណើរការប្រើប្រាស់ជាផ្លូវការ ហើយនៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២១នេះ។

ក្នុងឳកាសបើកអោយដំណើរការជាផ្លូវការ នូវកំណាត់ផ្លូវជាតិលេខ ៥ ពីទីរួមខេត្តបាត់ដំបង ដល់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ឯកឧត្តម
តូច ចាន់កុសល រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើងថា ក្នុងដំណាក់កាលដាក់ឲ្យប្រើប្រាស់នូវសមិទ្ធិផលកំណាត់ផ្លូវ ហាយវេ ៤គន្លងនេះ ឯកឧត្តមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ចូលរួមបើកបរដោយគោរពច្បាប់ តាមល្បឿនកំណត់ដឹក ជញ្ជូនកុំអោយលើសទម្ងន់កំណត់ រួមគ្នាថែរក្សាឲ្យកំណាត់ផ្លូវខាងលើនេះប្រើប្រាស់បានស្ថិតស្ថេរគង់វង្ស និងយូរអង្វែង។

លើសពីនេះឯកឧត្តមរដ្ឋលេខាធិការ ក៏បានសំណូមពរទៅដល់បងប្អូនប្រជាពលរដ្ឋផងដែរធ្វើយ៉ាងណាការពារកុំឲ្យមានការរំលោភលើចំណីផ្លូវ បើ បង ប្អូនចង់ធ្វើអ្វីមួយត្រូវស្នើទៅដល់មន្ទីរជំនាញ ដើម្បីមន្ត្រីជំនាញឆ្លងយោបល់ថ្នាក់ខេត្ត និងសម្រេចអនុញ្ញាតិ ឬមិនអនុញ្ញាតិស្របទៅតាម ផល ប៉ះពាល់ធំ ឬតូច ពិសេសកុំធ្វើអោយបិទមុខលូ ឬចាក់ដីខ្ពស់ជាងផ្លូវថ្នល់ជាដើម។

ជាមួយគ្នាឯកឧត្តម ងួន រតន: អភិបាលខេត្តបាត់ដំបងក៏បានគូសបញ្ជាក់ដែរថា ទន្ទឹមគ្នាជាមួយកំណាត់ផ្លូវជាតិលេខ៥ ដែលមានប្រវែង ៨៤.៧ គីឡូម៉ែត្រតភ្ជាប់ពីចំណុចទីប្រជុំជនក្រុងបាត់ដំបង ទៅកាន់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បើកឲ្យចរាចរណ៍ កំណាត់ផ្លូវហាយវេ វាងក្រុងបាត់ដំបងចាប់ពីចំណុចភូមិ កកូ ឃុំជ្រៃ ក្នុងស្រុកថ្មគោល ដល់ចំណុចប្រណុច ភូមិពុកឆ្មា ឃុំអូរដំបង២ ស្រុកសង្កែ ដែលមានប្រវែង ២៣គីឡូម៉ែ ត្រ ក៏បើកអនុញ្ញាតិឲ្យធ្វើចរាចរណ៍ផងដែរ ដែលវាពិតមានសារសំខាន់បំផុតដែរក្នុងការពន្លឿនការធ្វើដំណើរបានលឿន បញ្ចៀសបញ្ហាកកស្ទះកំ ណាត់ផ្លូវក្នុងទីប្រជុំជនក្រុងយ៉ាងល្អប្រសើរ។

គួរបញ្ជាក់ថា សមិទ្ធិផលផ្លូវជាតិលេខ ៥ ចាប់ពីចំណុចខេត្តបាត់ដំបង ដល់ចំណុចក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានប្រវែងបណ្តោយចំនួន ៨៤.៧គីឡូម៉ែត្រ មាន៤គន្លង មានទទឹងផ្លូវចំនួន ២៣ម៉ែត្រសម្រាប់ទីជនបទ និង២៨ម៉ែត្រសម្រាប់ទីប្រជុំជន ថែមទាំងមានសួនកណ្ដាលទ្រូងផ្លូវផងដែរ ដាំដោយដើមត្របែកព្រៃ ចំណែកសងខាងផ្លូវ ដាំដោយដើមក្ងោកជាច្រើនដើម គម្រោងខាងលើនេះ ប្រើប្រាស់ថវិកាសរុបចំនួន ១៦០,៦លានដុល្លារអាមេរិក៕

អត្ថបទ៖ដំបងក្រញូង

Share.