បាត់ដំបង÷ អង្គភាពគយ និងរដ្ឋាករដូង ស្រុកកំរៀង ឯកភាពទទួលយកសំណើររបស់ក្រុមអាជីវករទិញលក់បន្លែផ្លែឈើ ក្រោយប្រមូលផ្តុំគ្នាតវ៉ាជាច្រើនម៉ោងសុំបន្ធូរបន្ថយសេវាបង់ពន្ធលើការដឹកជញ្ជូន និងនាំចេញ។

ក្រោយផ្ទុះការតវ៉ាជាច្រើនម៉ោងរបស់ក្រុមអាជីវករអ្នកទិញលក់ និងដឹកជញ្ជូនបន្លែផ្លែឈើឆ្លងកាត់ច្រកទ្វាអន្តរជាតិដូង ស្រុកកំរៀង កាលពីរសៀលថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២១កន្លងមកនេះ ហើយដែលមានអាជ្ញាធរមូលដ្ឋានស្រុកកំរៀងព្យាយាមសម្របសម្រួលជាច្រើនម៉ោង ប៉ុន្តែចុងក្រោយក្រុមអ្នកតវ៉ានៅតែប្រកាន់ជំហរមិនព្រមរំសាយដ៏រាបណាមិនទទួលបានការបញ្ជាក់ពីប្រធានអង្គភាពការិយាល័យគយ និងរដ្ឋាករដូងដោយផ្ទាល់។

បានលើកគ្នាមកប្រមូលផ្តុំតវ៉ា និងយករថយន្តដឹកជញ្ជូនសាំយ៉ុងបិទផ្លូវចាប់តាំងពីម៉ោងប្រមាណជិត ១១:០០នាទី រហូតដល់ម៉ោងជាង ៣:០០នាទីរសៀលទើបមានវត្តមានអភិបាលរងខេត្ត លោក ធូ ភា ចុះទៅដោះស្រាយ និងសម្របសម្រួលទាំងភ្លៀង ទើបក្រុមអ្នកអាជីវករទទួលយកល័ក្ខណ៍សំណូមពរ និងការសន្យារបស់អាជ្ញាធរខេត្តហើយនាំគ្នារំសាយរងចាំដំណោះស្រាយសមស្របមួយ។

លោក សុខ គឹមខុន អភិបាលស្រុកកំរៀងបានបញ្ជាក់ថា លក្ខខណ្ឌនៃការសម្របសម្រួលភាគីការិយាល័យគយ និងរដ្ឋាករដូង តំណាងដោយ អភិ បាលរងខេត្ត ទទួលបន្ទុក បានយល់ព្រមទទួលយកសំណើររបស់ក្រុមអាជីវករ ដែលស្នើរសុំបង់ពន្ធលើបន្លែផ្លែឈើដែលខ្លួនបានទិញ និងដឹកជញ្ជូនចេញពីផ្សារថៃ កាត់តាមច្រកអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង ក្នុង ១រថយន្តបង់ត្រឹមចន្លោះពី ៥ទៅ៦ម៉ឺនរៀលតាមទំនិញតិច ឬច្រើន ប៉ុន្តែមន្ត្រីគយសុំទុករយ:ពេល ១ខែ ដើម្បីបំពេញបែបបទស្នើរបន្តទៅដល់ថ្នាក់លើ ប្រសិនបើថ្នាក់លើបានឯកភាពសម្រេចថាយ៉ាងណានោះ មន្ត្រីជំនាញនឹងជូនជាដំណឹងក្នុងរយ:ពេល ១ខែបន្ទាប់៕

អត្ថបទ៖ ដំបងក្រញូង

Share.