ភ្នំពេញ​៖​ គ្រោះចរាចរណ៍បង្កដោយរថយន្តបែនបើកបុកម៉ូតូពីក្រោយបណ្ដាលបុរស​ម្នាក់​ កំពុង​តែ​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​តាម​ផ្លូវ​រងរបួស​ធ្ងន់​។ ហេតុការណ៍​នេះ​​ បានកើត​ឡើង​នៅ​វេលា​ម៉ោង​ ៧ព្រឹក​ ថ្ងៃ​ទី​២៦​ ខែ​កញ្ញា​ ឆ្នាំ​២០២១​ តាម​បណ្ដោយ​ផ្លូវ​បេតុង​បឹង​តាម៉ាត​ ភូមិ​សំបួរ​ សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ​។

យោង​តាម​ប្រភព​ព័ត៌មាន​ ពី​កន្លែង​កើត​ហេតុ​ បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គេបាន​ឃើញ​បុរស​ម្នាក់​ បានជិះ​ម៉ូតូ​ម៉ាក​ ZOOMER X ពណ៌​ស​លាយ​ទឹក​ក្រូច​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1GM 8029 បានជិះ​ធ្វើ​ដំណើរ​តាម​ បណ្ដោយ​ផ្លូវ​ បេតុង​បឹង​តាម៉ាត​ ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​ លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏មានរថយន្តបែន​ដឹក​ខ្សាច់​ ម៉ាក​ហ៊ីយុនដាយ​ ពណ៌​ស​ អត់​មាន​ស្លាក​លេខ​ បានបើក​ធ្វើ​ដំណើរ​ ក្នុង​ទិសដៅ​ស្រប​គ្នា​ ក៍ជ្រុល​ទៅ​បុក​ម៉ូតូ​ពី​ក្រោយ​ បណ្តាល​ឲ្យ​ម៉ូតូ​ដួល​ហើយ​រថយន្ដ​បាន​កិន​ពី​លើ​អ្នក​​ជិះ​ម៉ូតូ​ រងរបួស​ជើង​ខាង​ស្តាំ​ចេញឆ្អឹង​ ត្រូវ​បាន​បញ្ជួន​តាម​រថយន្ត​ដឹក​យក​ទៅ​ សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​ ម្លិះ​នៅ​ខណ្ឌ​ដង្កោ​ភ្លាមៗ​  ។ដោយ​ឡែក​រថយន្ត​វិញ​នៅពេល​បង្ក​គ្រោះ​ថ្នាក់​ហើយ​ អ្នក​បើក​បរ​បានចុះ​ពី​លើ​រថយន្ត​ រត់​គេច​ខ្លួន​រហូត​ដល់​ម្តុំ​ស្តុប​ផ្សារ​ថ្នល់​បត់​ ក៍ត្រូវ​កម្លាំង​ប្រជាការ​ពារ​ខណ្ឌ​ឃាត់ខ្លួន​ប្រគល់​អោយ​សមត្ថកិច្ច​ជំនាញ​នៃ​អធិការ​នគរបាល​ខណ្ឌ​ដង្កោ​ធ្វើ​ការ​សាកសួរ​ផងដែរ​  ។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​សម្រេច​ធ្វើ​ការ​វាស់​វែង​យក​មធ្យោបាយ​ទាំង២ទៅ​រក្សា​ទុក​នៅ​ អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ​ រងចាំ​ដំណោះ​ស្រាយ​ នៅ​ពេល​ក្រោយ​ ៕

Share.