ភ្នំពេញ​៖​ បុរស​ម្នាក់​ជិះម៉ូតូលឿងបោះ​ពួយ​ជ្រុល​ទៅ​បុក​រថយន្ត​ ហាយ​លែនឌ័របើក​ឆ្លង​ផ្លូវ​ យ៉ាង​ពេញ​ទំហឹង​បណ្ដាលឱ្យរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្រ្គោះភ្លាមៗ។ ហេតុយការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ទល់មុខ​ច្រកចូល​បុរី​ក្បែរ​ ឬស្សី​សាញ់ស្ថិត​តាម​បណ្ដោយ​ផ្លូវ​បេតុង​៥០ម៉ែត្រ​ភូមិប្រការ សង្កាត់​ព្រៃ​ស​ ខណ្ឌ​ដង្កោ​  រាជធានី​ភ្នំពេញ​ កាលពី​វេលា​ម៉ោង​៨ព្រឹក​ ថ្ងៃ​ទី​២៦​ ខែ​កញ្ញា​ ឆ្នាំ​២០២១​  ។

តាម​ប្រភព​ពី​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​ឃើញ​ហេតុការណ៍​ បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គេបាន​ឃើញ​បុរសម្នាក់រួមដំណើរជាមួយប្រពន្ធបើក​រថយន្ត​ម៉ាក​ ហាយ​លែនឌ័រ ពណ៌​ប្រផេះ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BK 5407 ដោយ​មាន​ដឹក​កង់​ពី​ក្រោយ​ផង​នោះ​ បានបើក​រថយន្ត​ចេញ​ពី​ក្នុង​បុរី​ ទិសដៅ​ពី​លិច​ទៅ​កើត​ លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ បានបើកឆ្លង​ផ្លូវ​៥០ម៉ែត្រ​ លក្ខណៈ​បញ្ឆិត​ឡើង​រក​ស្តាំ​របស់​ខ្លូនដល់ចំណុចទ្រូងផ្លូវជិតផុតទៅ​ ហើយ​គាប់​ជួន​​មាន​បុរស​ម្នាក់​ បានជិះ​ម៉ូតូ​ម៉ាក​ ZOOMER​X​ ពណ៌ស​លាយ​ទឹក​ក្រូច​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1FU 3564 បានជិះ​បោះ​ពួយ​តាម​បណ្ដោយ​ផ្លូវ​៥០ម៉ែត្រ​ ក្នុង​ទិសដៅ​ ពី​ជើង​ជើង​ទៅ​ត្បូង​ ក្នុង​ល្បឿន​លឿន​ ក៍ជ្រុល​ទៅ​បុក​រថយន្ត​ ចំហៀង​ក្រោយខាង​ឆ្វេង​ ទាំង​កំរោល​ពេញ​ទំហឹង​ បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ ហោះ​ទៅ​ផ្ទុប​កញ្ចក់​រថយន្ត​ ខាង​រថយន្ត​ បែក​ខ្ចាយ​រងរបួស​បាក់​ដៃ​បាក់​ជើង​ ត្រូវ​បាន​បញ្ជូនតាម​រថយន្ត​សង្គ្រោះ​ ដឹក​យក​ទៅ​សង្គ្រោះ​នៅ​ គ្លីនិក​ឯកជន​ភ្លាមៗ​ រីឯ​ម៉ូតូ​វិញ​រងការ​ខូចខាត​ផែ្នក​ខាង​មុខ​ ។ ចំណែក​រថយន្ត​វិញ​ រងការ​ខូចខាត​ ក្រពិត​ផ្នែក​ខាង​ក្រោយ​ចំហៀង​ខាង​ឆ្វេង​ និង​បែក​កញ្ចក់​ក្រោយ​ តែ​មិន​មាន​គ្រោះថ្នាក់​ដល់​អ្នក​ជិះ​ក្នុង​រថយន្ត​នោះ​ទេ​  ។

ក្រោយ​ពេល​កើតហេតុ​ ដោយ​សារ​ខាង​ម៉ូតូ​ រងរបួស​ធ្ងន់​ពេក​ មិន​ទាន់​ដោះស្រាយ​គ្នា​បាន  សមត្ថកិច្ច​ជំនាញ​ ចុះ​ទៅ​ធ្វើ​ការ​វាស់​វែង​យក​ រថយន្ត​និង​ម៉ូតូ​ រួម​ទាំង​អ្នក​បេីក​បរ​ ទៅ​រក្សា​ទុក​នៅ​ ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក​នៃ​ស្នង​ការ​ដ្ឋាន​រាជធានី​ភ្នំពេញ​ រងចាំ​ធ្វើការ​ដោះស្រាយ​ នៅ​ពេល​ក្រោយ​ជា​បន្តទៀត​ ៕

Share.