ភ្នំពេញ៖ កាបូបដាក់លុយរបស់នារីម្នាក់ត្រូវបានជនសង្ស័យធ្វើសកម្មភាពឆក់យកទៅបាត់នៅចំណុចទល់មុខផ្សារសុវណ្ណាតាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង  រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៦និង ១០នាទីព្រឹកព្រលឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ។

កាបូបដែលបាត់នោះ រួមមានទូរស័ព្ទម៉ាកiPhoneX (អាយហ្វូន អ៊ិច) លុយចំនួនជាង 200 ដុល្លារ រួមទាំងកាតមួយចំនួនថែមទៀត និងអត្តសញ្ញាណប័ណ្ណរបស់នារីរងគ្រោះដែលមានឈ្មោះ ភូន ស្រីវន ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរអ៊ុតសក់ នៅទួលស្វាយព្រៃ មានទីលំនៅក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ។នារីរងគ្រោះជិះម៉ូតូម៉ាកស៊ូមម៉ើអ៊ិច ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1HB.5197 ។ ចំណែកជនសង្ស័យជិះម៉ូតូម៉ាកឌ្រីមសង់ ពណ៌ខ្មៅ មិនចាំស្លាកលេខ បានជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។

យោងតាមសម្ដីរបស់នារីរងគ្រោះបានរៀបរាប់បានឲ្យដឹងថា ដំបូងឡើយរូបគាត់ជិះម៉ូតូតាមបណ្ដោយផ្លូវ២៧១ ក្នុងទិសដៅពីត្បូងមកជើងបានដាក់កាបូបលុយនៅចន្លោះដៃចង្កូតខាងមុខ ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែលេចមុខជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់ មកអែបជិតហើយក៏ធ្វើសកម្មភាព លូកដៃឆក់យកកាបូបរបស់គាត់បានសម្រេចហើយក៏ជិះគេចខ្លួន បញ្ច្រាស់ទិសចូលផ្លូវឌឿងហែមចុះទៅក្រោម ក្នុងសង្កាត់ស្ទឹងមានជ័យទី២  ខណ្ឌមានជ័យបាត់ស្រមោលដោយសុវត្ថិភាព។

នារីរងគ្រោះខំជិះដេញតាមពីក្រោយរហូតដល់គល់ស្ពានអាកាសស្ទឹងមានជ័យ ក៏បានប្រាប់សមត្ថកិច្ចនៅទីនោះឲ្យជួយគាត់ផង មួយសន្ទុះក្រោយមកក៏មានសមត្ថកិច្ចប៉ុស្តិ៏បានមកនាំនារីរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក ដើម្បីឱ្យសមត្ថកិច្ចជួយរកទ្រព្យសម្បត្តិគាត់មកវិញ។

នារីរងគ្រោះបានរៀបរាប់ទាំងភិតភ័យបន្តទៀតថាក្នុងកាបូបលុយរបស់គាត់នោះមានចំនួនលុយជាង $200 កាតអេធីអឹមនិងអត្តសញ្ញាណប័ណ្ណរួមទាំងទូរសព្ទដៃម៉ាក iPhoneX មួយគ្រឿងត្រូវបានជនសង្ស័យយកទៅបាត់ដោយសុវត្ថិភាព៕

Share.