ភ្នំពេញ៖ យុវជនជាកម្មករសំណង់ម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកស្រ្តីនិងយុវតី២នាក់ទៀតរងរបួសធ្ងន់ស្រាលត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យបន្ទាប់ពីជិះម៉ូតូតាមផ្លូវត្រូវរថយន្តបែនបើកបត់ឆ្លងផ្លូវជ្រុលបុកពេញទំហឹង។ ហេតុការណ៍កើតឡើង តាមបណ្ដោយផ្លូវជាតិលេខ១ ត្រង់ចំណុចមុខក្លោងទ្វារវត្តព្រះច័ន្ទរង្សីសង្កាត់ក្បាលកោះខណ្ឌច្បារអំពៅរាជធានីភ្នំពេញ កាលវេលាម៉ោង៤នឹង៣០ ល្ងាចថ្ងៃទី ២៥ ខែកញ្ញាឆ្នាំ ២០២១។ សពជនរងគ្រោះមានឈ្មោះ ធឿន ចិត្រ ភេទប្រុស អាយុ១៩ឆ្នាំមុខរបរកម្មករសំណង់មានស្រុកកំណើតខេត្តព្រៃវែង។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តបែនដឹកដីមួយគ្រឿងពណ៌ស ពាក់ស្លាកលេខ ចង្កូតស្តាំ TK-0614បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិចខណៈមកដល់ត្រង់ចំណុចកើតហេតុបានបត់ឆ្វេងឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូ២ គ្រឿងដែលធ្វើដំណើរបញ្ច្រាសទិសគ្នាបណ្ដាលឲ្យយុវជនម្នាក់ជិះម៉ូតូឌ្រីមសង់ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AV-7131ដែលជាកម្មករសំណង់ជាអ្នកឌុបស្លាប់ភ្លាមៗមួយរំពេចនៅនឹងកន្លែងកើតហេតុ ចំណែកស្ត្រីនិងយុវតីជិះខាងរបួសធ្ងន់ស្រាលត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ រីឯម៉ូតូមួយគ្រឿងទៀតជិះគ្នា៣នាក់មិនអ្នករងរបួសនោះគ្រាន់តែខូចខាតម៉ូតូប៉ុណ្ណោះ បន្ទាប់មករថយន្តបង្កបានព្យាយាមបើករត់គេចខ្លួនតែត្រូវបានបងប្អូនប្រជាពលរដ្ឋដេញតាមស្ទាក់ឃាត់បានរថយន្តព្រមទាំងអ្នកបើកបរប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលកោះដើម្បីយកទៅធ្វើការសាកសួរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកត្រួតពិនិត្យទីតាំងកន្លែងកើតហេតុនឹងទំនាក់ទំនងទៅសមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូព្រមទាំងអ្នកបើកបរយកទៅរក្សាទុករងចាត់ការទៅតាមនីតិវិធីច្បាប់។ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យសាច់ញាតិដឹកយកទៅធ្វើបុណ្យទៅតាម ប្រពៃណី៕

Share.