បាត់ដំបង៖ ភ្លៀងបន្តធ្លាក់ជិត ២សប្តាហ៍ចុងក្រោយប៉ះពាល់ដល់ផ្លូវថ្នល់ និងដំណាំស្រូវជាង ៣០០០ហិកតាក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។

ប្រភពព័ត៌មានពីមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបងបានបង្ហាញថា រយ:ពេលជិត ២សប្តាហ៍ចុងក្រោយចាប់តាំងពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២១ នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបងបានទទួលរងនូវទឹកភ្លៀងធ្លាក់ស្រោចស្រពរាយប៉ាយជាច្រើនជាប់ៗគ្នាបានធ្វើឲ្យជំនន់ទឹកភ្លៀងហក់ឡើងខ្ពស់ និងជន់លិចលំនៅដ្ឋាន ផ្លូវថ្នល់ ក៏ដូចជាដំណាំស្រូវជាច្រើនហិកតាទៀតរបស់ប្រជាពលរដ្ឋរងការប៉ះពាល់ ពិសេសនៅតំបន់វាលរាប និងតំបន់ទំនាប។

ប្រភពខាងលើបន្តថា ឥទ្ធិពលនៃជំនន់បណ្តាលមកពីទឹកភ្លៀងខាងលើនេះបានបង្កឲ្យស្រុកចំនួន ៣ក្នុងខេត្តបាត់ដំបង រងការប៉ះពាល់សរុបស្រូវចំនួន ៣ ៤១៧ហិកតា ក្នុងនោះស្រុកថ្មគោលមាន ១០ឃុំ រងការប៉ះពាល់ស្រូវចំនួនប្រមាណ ៥០០ហិកតា, ស្រុកមោងឬស្សី មានឃុំចំនួន ៩ឃុំ ប៉ះពាល់ចំនួនប្រមាណ ៨០០ហិកតា និងស្រុកបវេល ក្នុងភូមិឃុំចំនួន ៨ ដំណាំស្រូវបានប៉ះពាល់ដោយជំនន់ទឹកភ្លៀងដូចគ្នាសរុបចំនួន ២១១៧ហិកតា។

ជាមួយនឹងអាកាសធាតុចុះទាបមានភ្លៀងធ្លាក់ច្រើននេះ ក្រៅពីការប៉ះពាល់លើដំណាំស្រូវ ក្នុងភូមិសាស្ត្រខាងលើក៏ត្រូវបានជន់លិចនូវផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ អាគាររដ្ឋបាលរដ្ឋជាច្រើនខ្នង រួមទាំងផ្លូវគ្រួសក្រហមរាប់ពាន់ម៉ែត្រទៀតបានប៉ះពាល់ និងទឹកហូរឆ្លងកាត់។

មន្ទីរជំនាញបានឲ្យដឹងបន្ថែមដែរថា ការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ ២០២១នេះប្រជាកសិករអនុវត្តបានចំនួន ៣៤ ៦៦៤ហិកតា ស្មើនិង ១០៥.០៤% នៃផែនការចំនួន ៣៣០, ០០០ហិកតា ចំណែកការងារដាំដុះដំណាំសាកវប្បកម្ម និងឧស្សាហកម្មកសិករធ្វើបានចំនួន ១៩០,៤០៩ហិកតា ស្មើនឹង ៧៧.៦៤% នៃផែនការសរុបចំនួន ២៤៥,២៥០ហិកតា៕

អត្ថបទ៖ ដំបងក្រញូង

Share.