ភ្លៀងបន្តធ្លាក់ជាប់គ្នាជិត ២សប្តាហ៍ចុងក្រោយនេះបានបង្កឲ្យមានជំនន់ទឹកភ្លៀងនិងប៉ះពាល់ដល់ផ្លូវថ្នល់ និងដំណាំស្រូវជាង ៣០០០ហិកតាក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។

ប្រភពព័ត៌មានពីមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបងបានបង្ហាញថា គិតចាប់តាំងពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២១ នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង មាន   ទឹកភ្លៀងធ្លាក់ស្រោចស្រពរាយប៉ាយជាច្រើនជាប់ៗគ្នាបានធ្វើឲ្យទឹកហក់ឡើងខ្ពស់ និងជន់លិចលំនៅដ្ឋាន ផ្លូវថ្នល់ ក៏ដូចជាដំណាំស្រូវជាច្រើនហិកតា ពិសេសនៅតំបន់វាលរាប និងតំបន់ទំនាប។

ប្រភពខាងលើបន្តថា ឥទ្ធិពលនៃជំនន់ទឹកភ្លៀងបានបង្កឲ្យស្រុកចំនួន ៣ក្នុងខេត្តបាត់ដំបង រងការប៉ះពាល់សរុបស្រូវចំនួន ៣ ៤១៧ហិកតា។ ក្នុងនោះស្រុកថ្មគោលមាន ១០ឃុំ រងការប៉ះពាល់ស្រូវចំនួនប្រមាណ ៥០០ហិកតា, ស្រុកមោងឫស្សី មានឃុំចំនួន ៩ឃុំ ប៉ះពាល់ចំនួនប្រមាណ ៨០០ហិកតា និងស្រុកបវេល ក្នុងភូមិឃុំចំនួន ៨ ប៉ះពាល់ដល់ដំណាំស្រូវសុរបចំនួន ២១១៧ហិកតា។

ក្រៅពីការប៉ះពាល់លើដំណាំស្រូវ ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ អាគាររដ្ឋបាលរដ្ឋជាច្រើនខ្នង រួមទាំងផ្លូវគ្រួសក្រហមរាប់ពាន់ម៉ែត្រទៀតបានរងផលបានប៉ះពាល់ផងដែរ៕

អត្ថបទ៖ដំបងក្រញូង

Share.