បន្ទាយមានជ័យ៖  មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋ ពិសេសក្រុមហ៊ុនដឹកជញ្ជូនទំនិញធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវខេត្ត លេខ 268A ចាប់ពីចំណុចភូមិព្រៃមាន់ ដល់ អាងត្រពាំងថ្ម ស្រុកភ្នំស្រុក ដោយស្ថានភាពទឹកជំនន់ហូរកាត់ផ្លូវ នៅថ្ងៃទី26 ខែកញ្ញា  ឆ្នាំ2021  ។

បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់បានបណ្ដាលឲ្យមានជំនន់ទឹកភ្លៀងលិច និងហូរកាត់ផ្លូវមួយចំនួននៅក្នុង ខេត្តបន្ទាយមានជ័យ ជាពិសេសកំណាត់ផ្លូវខេត្តលេខ268A ចាប់ពីព្រៃមាន់ ដល់ អាងត្រពាំងថ្ម ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

យោងតាមសេចក្តីជូនខាងលើ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានធ្វើការផ្អាកចរាចរណ៍បណ្តោះអាសន្ននូវ យានយន្តដឹកជញ្ជូនធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវខេត្តលេខ 268A ចាប់ពីព្រៃមាន់ ដល់អាងត្រពាំងថ្ម ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងសារជាថ្មី ដើម្បីថែរក្សាផ្លូវថ្នល់ ស្ពាន កុំអោយបាក់ស្រុត និងធានាដល់ការធ្វើចរាចរណ៍ ប្រកបដោយសុវត្ថិភាព។ដោយឡែកចំពោះរថយន្តគ្រួសារ (ប្រភេទទេសចរណ៍) អាចធ្វើចរាចរណ៍ឆ្លងកាត់បានជាធម្មតា។

ជាមួយគ្នានោះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ សូមអំពាវដល់បងប្អូនប្រជាពលរដ្ឋ និងក្រុមហ៊ុនដឹកជញ្ជូនទំនិញធុនធំទាំងអស់ និងអនុវត្តតាមសេចក្តីជូនដំណឹងនេះប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកថែរក្សា ផ្លូវថ្នល់ ស្ពាន ប្រើប្រាស់ឲ្យបានយូរអង្វែង៕

អត្ថបទ៖ ប៉ោយប៉ែត

Share.