នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០២១ នេះ​ក្លិបកីឡាបាល់ទាត់ វិសាខា បាន​ប្រកាស​សម្រេច​តែងតាំង​គ្រូ​ជំនួយ​លោក Tunji Ayoyinka Akeeb ជា​គ្រូ​បង្គោល​ស្ដីទី ដើម្បី​ដឹកនាំ​គ្រប់​ការ​ប្រកួតសេសសល់ ក្នុង​រដូវកាល​ឆ្នាំ២០២១ នេះ។

ក្លិប​វិសាខា បញ្ជាក់​ថា​លោក Tunji Ayoyinka បាន​ចូលរួម​ជាមួយ​​ក្រុម​មួយ​នេះ​ជាច្រើនឆ្នាំមកហើយ ​ពិសេស​គ្រូ​បង្វឹក​កាន់​សញ្ញាបត្រ B-License រូប​នេះ ក៏ធ្លាប់ដឹកនាំក្លិបកីឡាបាល់ទាត់​វិសាខា ម្តង​ក្នុង​នាម​គ្រូ​បង្គោល​ស្ដីទី​ម្ដង​រួច​មក​ហើយ កាលពីឆ្នាំ២០១៩។ នេះ​ជា​មូលហេតុ​ដែល​​ថ្នាក់​ដឹកនាំ​ក្លិប​សម្រេច​ផ្ដល់​សេចក្ដី​ទុកចិត្ត​ឲ្យ​លោកដឹកនាំក្រុមបន្ដ សម្រាប់ការប្រកួតសេសសល់ ក្នុងពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០២១ ក៏ដូចជាការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៥ (ថ្នាក់ជាតិ) ឆ្នាំ២០២១ នេះផងដែរ។

អត្ថបទពាក់ព័ន្ធ៖ក្រុម​បាល់ទាត់​វិសាខា ប្រកាស​ចែក​ផ្លូវ​ជាមួយ​គ្រូ​បង្វឹក ក្នុង​ដំណាក់កាល​តានតឹង

ប្រកួត​ដែល​នៅ​សេសសល់​របស់​វិសាខា ក្នុង​ពានរង្វាន់​លីគ​កំពូល​កម្ពុជា មាន​ដូចជា​ត្រូវ​ជួប​ក្រុម​​គីរីវង់សុខសែនជ័យ នៅ​ថ្ងៃ​ទី​២៧​ខែ​កញ្ញ ឆ្នាំ​២០២១ នៅ​កីឡដ្ឋាន​ព្រីនស៍ ហើយ​បន្ត​ជួប​ក្រុម​​ម្ចាស់​ផ្ទះ​ព្រះខ័នរាជស្វាយរៀង នៅ​ថ្ងៃ​ទី៣​ខែ តុលា ឆ្នាំ​២០២១។ ចំណែក​ប្រកួត​ជាមួយ​ក្រុម​ភ្នំពេញក្រោន និង​កងយោធពលខេមរភូមិន្ទ នៅ​មិន​ទាន់​កំណត់​ពេល​វេលា​នៅ​ឡើយ៕

Telegram-Troryorng
Share.