អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា Keisuke Hondaបាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ជាមួយ​ក្រុម​​បាល់ទាត់ FK Sūduva ក្នុង​លីគ​ពូល​នៃ​ប្រទេស​​លីទុយអានី A Lyga នៅ​យប់​ថ្ងៃ​អាទិត្យ ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២១ ថ្មីៗ​នេះ ខណៈ​រូប​គេ​រក​បាន​គ្រាប់​បាល់១គ្រាប់​ផង​ដែរ​ ក្នុង​ជ័យជម្នះ​៤គ្រាប់។

ក្រុម​FK Sūduva កំពុង​តែ​ឈរ​កំពូល​តារាង​បណ្ដោះអាសន្ន ក្រោយ​យក​ឈ្នះ​លើ​ក្រុម Banga ដោយ​លទ្ធផល ៤-០។ គ្រាប់​បាល់​ទាំង​៤គ្រាប់​នេះ​រក​បាន​ដោយ​កីឡាករ Rommens, Honda, Taravel និង​Gargalatzidis។ Honda ត្រូវ​បាន​​លោក Víctor Basadre ដែល​ជា​គ្រូ​បង្វឹក​ដាក់​ឱ្យ​ចូល​លេង​បាន​ ៧៥​នាទី​នៅ​ប្រកួត​ដំបូង​របស់​ខ្លួន​​នេះ។

ក្លិប FK Sūduva ក្នុង​ទ្វីប​អឺរ៉ុប បាន​​ចុះ​កុងត្រា​ជាមួយ​​កីឡាករ​វ័យ​​៣៥​ឆ្នាំ​រូប​នេះ កាល​ពី​ពាក់កណ្ដាល​ខែ​កញ្ញា ថ្មីៗ​នេះ ដោយ​​​ពាក់​ឯកសណ្ឋាន​លេខ​៣។ នេះ​ជា​ប្រទេស​ទី៩ ហើយ​ដែល​បុរស​ជនជាតិ​ជប៉ុន រូប​នេះ​ប្រកប​អាជីព​ជា​កីឡាករ​បាល់ទាត់​ដោយ​ក្នុង​នោះ​មាន​ ជប៉ុន, រុស្ស៊ី, អ៊ីតាលី, ម៉ិចស៊ីកូ, អូស្ត្រាលី, ហុល្លង់, ប្រេស៊ីល,អាហ្សេបៃហ្សង់ និង​លីទុយអានី នេះ​ផ្ទាល់។

អត្ថបទពាក់ព័ន្ធ៖៤រឿងពេលអ្នកចាត់ការទូទៅក្រុមកម្ពុជា Keisuke Honda ចូលរួមក្លិបថ្មីនៅ​លីទុយអានី

ក្រុម​បាល់ទាត់ FK Sūduva ​ប្រកួត​បាន​២៨លើក ឈ្នះ​បាន​១៩លើក ស្មើ​៤លើក និង​ចាញ់​៥លើក​មាន​៦១​ពិន្ទុ​។ ពានរង្វាន់ A Lyga តម្រូវ​ឱ្យ​​ក្រុម​ជា​សមាជិក​ទាំង​១០​ក្រុម ប្រកួត​វិលជុំ​ចំនួន​៤ជើង គឺ​​៣៦​សប្ដាហ៍​ទើប​បញ្ចប់៕

Telegram-Troryorng
Share.