នារីម្នាក់បានដើរតាមផ្លូវ ឡាំប៉ា ពលរដ្ឋខ្លាចកើតមានបញ្ហា ឬគ្រោះថ្នាក់ផ្សេងៗ ស្នើសុំ ឲ្យសមត្ថកិច្ចចាប់ឃាត់នាំយកទៅប៉ុស្តិ៍ ដើម្បីប្រកាសស្វែងរកក្រុមគ្រួសារ កាលពី វេលាម៉ោង៨ព្រឹក ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ នៅតាមផ្លូវ ខាងកើតការដ្ឋាន សំណង់ ស្ពានអាកាសចោមចៅ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ស្ត្រីរូបនេះអះអាងថានាង មានឈ្មោះ សុខុម អាយុ៣០ឆ្នាំ រស់នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ អ្វីដែលគួរឲ្យកត់សំគាល់នោះ គឺរាល់ការនិយាយ របស់ស្ត្រីរូបនេះ ហាក់ដូចជាមិនប្រក្រតី ។

សមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ គេឃើញស្ត្រីខាងលើ នៅតាមផ្លូវ ខាងកើតការដ្ឋាន សំណង់ស្ពានអាកាសចោមចៅ មានទាំងបង្វិចខោអាវ ស្ពាយរយីងរយោង ស្រែកឡូឡា រត់ចូលរថយន្តអ្នកដំណើរតាមផ្លូវ ដេញវាយគេឯង។
ដោយបារម្ភខា្លចជួបគ្រោះថ្នាក់ផ្សេងៗ ទើបពលរដ្ឋស្នើសុំឲ្យសមត្ថកិច្ចជួយចាប់ឃាត់ នាំយកទៅប៉ុស្តិ៍ជាបណ្តោះអាសន្ន ដើម្បីស្វែងរកបងប្អូន ក្រុមគ្រួសារ ។

នៅជាប់ខ្លួនស្ត្រីរូបនេះ មានថ្នាំសរសៃប្រសាទ សម្រាប់ប្រើរំងាប់អារម្មណ៍ និងរបស់របរ មួយចំនួនទៀត ។

សមត្ថកិច្ចបានសម្រេចដាក់ខ្នោះជាបណ្តោះអាសន្ន ព្រោះថា គាត់ឡូឡារករឿង វាយគេឯង រត់ចូលតែរថយន្តតាមផ្លូវ និងបានអំពាវនាវឲ្យដល់បងប្អូន ក្រុមគ្រួសារ ណាដែលបាត់ សមាជិកគ្រួសារ ដែលមានភិនភាគដូចស្ត្រីរូបនេះ សូមអញ្ជើញទៅទំនាក់ទំនង នៅប៉ុស្តិ៍ ចោមចៅទី៣ ដើម្បីនាំនាងត្រឡប់ទៅផ្ទះវិញ ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.