កម្លាំងសមត្ថកិច្ចខណ្ឌដង្កោបានឃាត់ខ្លួនជនសង្ស័យ៥នាក់ពាក់ព័ន្ធនឹងករណីប៉ុនប៉ងលួច សម្ភាររបស់ប្រជាពលរដ្ឋ  កាលពីវេលាម៉ោង ០១និង ៣០នាទីថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុចខាងមុខខ្លោងទ្វារវត្តពោធិញាណ ផ្លូវ៣៧១ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់ ទី១ឈ្មោះ យ៉ាត ភារ៉ា   អាយុ២១ឆ្នាំ  មុខរបរ កម្មករផ្សារដើមគរ ស្នាក់នៅផ្ទះជួលភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ  , ទី២ឈ្មោះ ផាន ផារី អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ស្រុកបាទី ខេត្តតាកែវ , ទី៣ឈ្មោះ សុខ ចាន់ឌី   អាយុ៤១ឆ្នាំ មុខរបរទិញអេតចាយ ទីលំនៅ ស្រុកបាទី ខេត្តតាកែវ ,ទី៤ឈ្មោះ អ៊ុ ម៉ាប់ អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅ ស្រុកបាទី ខេត្តតាកែវ , ទី៥ឈ្មោះ អូន ម៉ាលីន អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅតាមទីសាធារណៈ សង្កាត់ទួលស្វាយព្រៃ ខណ្ឌបឹងកេងកង  ។

សមត្ថកិច្ចបន្តថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៥នាក់នេះ  កម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលដង្កោ និងកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ជិះម៉ូតូល្បាតក្នុងភូមិសាស្ត្រ ខណ្ឌដង្កោ តាមផ្លូវ៣៧១ ដល់ចំណុចខ្លោងទ្វារវត្តពោធិញាណ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ក៏បានឃើញជនសង្ស័យចំនួន៥នាក់កំពុងបើកម៉ូតូរ៉ឺម៉កកង់បី ពណ៌ក្រហមខ្មៅ គ្មានផ្លាកលេខ ឌុបគ្នាលើផ្លូវ ៣៧១ ពីលិចទៅកើត  ពេល នោះសមត្ថកិច្ចមានការសង្ស័យ ក៏បានហៅឱ្យឈប់ ធ្វើការត្រួតពិនិត្យ។សមត្ថកិច្ចបានរក ឃើញមានវត្ថុតាងពាក់ព័ន្ធបទល្មើស គាស់ផ្ទះនិងកាច់កម៉ូតូ ទើបសម្រេចឃាត់ខ្លួនពួកគេរួមនិងវត្ថុតាងខាងលើ យកមកធ្វើការ សាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ។

ជនសង្ស័យទាំង៥នាក់រួមនិងវត្ថិតាងត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ  និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការ តាម នីតិវិធី។

អត្ថបទ៖សេង សាវី

Share.