បុរសជនជាតិចិនម្នាក់សង្ស័យបែកថ្នាំកាន់ដំបងប៉ុនប៉ងវ៉ៃបំបែកកញ្ចក់រថយន្តដែលធ្វើ  ដំណើរ តាមដងផ្លូវបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរនិងកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងទំពន់ទី១ សហការជាមួយនឹងកម្លាំងប្រជាការពារសង្កាត់បឹងទំពុនទី ១ បានចុះមកយក បំពង់ពន្លត់អគ្គិភ័យបាញ់ទៅលើបុរសជនជាតិចិនដើម្បីឃាត់ខ្លួន។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១ និង ៥០នាទីរសៀលថ្ងៃទី ១ខែតុលាឆ្នាំ ២០២១  នៅតាមបណ្ដោយផ្លូវ ២៧១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា   នៅមុនពេលកើតហេតុ គេឃើញ បុរសជនជាតិចិនម្នាក់វ័យប្រហែលជាង៤០ ឆ្នាំ   បានដើរតាមបណ្ដោយផ្លូវ២៧១ ក្នុងទិសដៅ ពីត្បូងទៅជើង ស្រាប់តែមកដល់ចំណុចកើតហេតុក៏មានរថយន្តប្រភេទស្ទូចបានមកឈប់ចត នៅចិញ្ចើមផ្លូវហើយអ្នកបើកបរបានចុះទៅទិញទឹកសុទ្ធ។ ពេលនោះជនជាតិចិន ដែលបែកថ្នាំ បានឡើងទៅលើរថយន្តហើយក៏បានយកដែកនៅក្នុងរថយន្តស្ទូចនោះគំរាមអ្នកបើកបរ រថយន្តតាមផ្លូវបង្កឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។ ពេលនោះប្រជាពលរដ្ឋ បាន រាយការណ៍ទៅកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពុនទី១ដើម្បីចុះមកដល់កន្លែង កើតហេតុ។

បន្ទាប់ពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី១ ចុះមកដល់តាំងនៅកន្លែងកើតហេតុ រួមនិងកម្លាំងប្រជាការពារសង្កាត់បឹងទំពុនទី ១ ក៏បានធ្វើការឃាត់បុរសជាជនជាតិចិនរូបនោះ  ដើម្បីយកទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី ១ចាត់ការទៅតាមនិតិវិធី៕

អត្ថបទ៖សេង សាវី

Share.