ភ្នំពេញ ៖ រថយន្តកុងតឺន័រមួយគ្រឿង របស់ក្រុមហ៊ុនតេងឡាយ បើកបុកកិនម៉ូតូហុងដាសេ១២៥ បណ្តាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗមួយរំពេច ក្នុងសភាពបែកក្បាលធ្លាយខួរខ្ចាយពេញផ្លូវ តៃកុងឃើញសភាពមិនស្រួលបើកទ្វារលោតចុះរត់គេចទៅបាត់។ ហេតុកាខាងលើកើតឡើងកាលពីវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ នៅតាមផ្លូវជាតិលេខ៤ ទល់មុខតំបន់សេដ្ឋកិច្ច ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ភរិយាជនរងគ្រោះ

សពជនរងគ្រោះឈ្មោះ អៀម សារ៉ាន់ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ ជាងជួសជុលម៉ាសុីនត្រជាក់ នៅផ្សារបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ស្នាក់នៅផ្ទះជួល សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ មានប្រពន្ធឈ្មោះ ប៉ូ រ៉ានី អាយុ២៥ឆ្នាំ មុខរបរ កម្មការនីរោងចក្រ មានស្រុកកំណើត នៅភូមិមៀន ឃុំមៀន ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ ។ ជនរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FV- 8025 ។ រីឯរថយន្តបង្កកុងតឺន័រ ម៉ាក FREIGHTLINER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-8103 របស់ក្រុមហ៊ុនតេងឡាយ ក្រោយកើតហេតុភ្លាមៗ ឃើញសភាពមិនស្រួល អ្នកបើកបរចុះរត់គេចខ្លួនបាត់ស្រមោល ។

តាមប្រភពពីប្រជាពលរដ្ឋឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្កបើកពីលិចទៅកើត លុះដល់ចំណុចកើតហេតុ បុកកៀរម៉ូតូជនរងគ្រោះ ក្នុងដំណើរស្របទិស ដួលហើយ រថយន្តកិនពីលើជនរងគ្រោះបន្ថែមទៀត បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែង បែកក្បាលធ្លាយខួរខ្ទេច នៅកណ្តាលផ្លូវ ធ្វើឲ្យកកស្ទះចរាចរ ។

ក្រោយកើតហេតុ ភ្លាមៗត្រូវបានកម្លាំងនគរបាលខណ្ឌកំបូល ចុះទៅអន្តរាគមន៍ សម្រួលចរាចរ និងលើកយកសពចេញ រួចយករថយន្តនិងម៉ូតូទៅដាក់កៀនខាង ដើម្បីឲ្យចរាចរធូរស្រាលឡើងវិញ។ ករណីគ្រោះថ្នាក់ចរាចរខាងលើ សពជនរងគ្រោះត្រូវបានសមត្ថកិច្ច ទំនាក់ទំនងទៅក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅឯស្រុកកំណើត រីឯរថយន្តនិងម៉ូតូ ប្រគល់ឲ្យទៅការិយាល័យចរាចរជើងគោក នៃស្នងការក្រុងភ្នំពេញ វាស់វែងយកទៅរក្សាទុក រងចាំដោះស្រាយតាមនីតិវិធី៕

Share.