ជនជាតិបរទេសម្នាក់ស្រវឹងស្រាជោគ បើករថយន្តបុកម៉ូតូមួយគ្រឿងព្យាយាមបើករត់អូសម៉ូតូជាច្រើនម៉ែត្របន្តទៅបុកជញ្ជាំងផ្ទះប្រជាពរដ្ឋ ហាងលក់ម៉ូតូមួយកន្លែងខូចខាតម៉ូតូ៦គ្រឿង ស្ថិតតាមបណ្ដោយផ្លូវ១៩៩កែងនិងផ្លូវ៣១០ក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ វេលាម៉ោង១០និង៣០នាទីយប់ថ្ងៃសុក្រ ទី១ ខែតុលា ឆ្នាំ២០២១។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសជនជាតិ បរទេសម្នាក់បើករថយន្តម៉ាកម៉ាស្ដា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2 AY.2019 ធ្វើដំណើរតាមបណ្ដោយផ្លូវ១៩៩ ខណះមកដល់ចំណុចកើតហេតុខាងបានជ្រុលទៅបុកម៉ូតូហុងដាប៊ីត ពណ៌ស ពាក់ស្លាកលេខកណ្តាល1AC.4483 ធ្វើដំណើរបញ្ច្រាស់ទិសដៅគ្នាចំពីមុខពេញទំហឹង រថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេព្យាយាមបើករត់អូស ម៉ូតូនិងម្ចាស់ម៉ូតូក្រោមរថយន្តបាន២០ម៉ែត្រម្ចាស់បានរបូតពីរថយន្តរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះភ្លាមៗ ។

ចំណែករថយន្តអូសម៉ូតូជាប់រហូតដល់របងវត្តមហាមន្ត្រីទើបរបូតម៉ូតូចេញ រថយន្តបន្តដំណើរទៅមុខទៀតទាំងភ័យស្លន់ស្លោរហូតដល់ស្តុបវត្តមហាមន្ត្រីបានរេចង្កូតទៅបុកជញ្ជាំងហាងលក់ម៉ូតូ ទ្រី មុំ បណ្ដាលឲ្យខូចខាតជញ្ជាំងផ្ទះនិងម៉ូតូ៦គ្រឿងទើបទៅមុខ លែងរួច។ចំណែកជនជាតិបរទេសជាម្ចាស់រថយន្តត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍អូឡាំពិក រងចាំប្រគល់ឲ្យជំនាញក្រុង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅសមត្ថកិច្ចជំនាញស្នងការាជធានីភ្នំពេញចុះមកវាស់វែងយករថយន្តបង្កនិងម្ចាស់រថយន្តព្រមទាំងម៉ូតូរងគ្រោះយកទៅរក្សាទុករងចាំដោះស្រាយគ្នានៅពេលក្រោយ៕

Share.