ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់អស់ល័ក្ខ ជួបចំថ្ងៃស៊យ នាំគ្នាធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ មិនដឹងថាក្នុងកាបូបនោះមានលុយតែ៧ម៉ឺនរៀល បានសម្រេចហើយ នាំគ្នាព្យាយាមជិះម៉ូតូរត់គេច ត្រូវបានជនរងគ្រោះស្រែកផ្អើលអ្នកដំណើរតាមផ្លូវ បងប្អូនប្រជាពលរដ្ឋដេញតាម ចាប់ខ្លួនបាន ស្វាគមន៍មួយដៃ មួយជើងទ្រោមខ្លួន រួចប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ នៅតាមផ្លូវបេតុង ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង២នាក់ ៖ ទី១ ឈ្មោះ ហុង ម៉េងហេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ជាអ្នកបើកម៉ូតូ ម៉ាកBeat ពណ៌ស ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1IK-4867 ជាមធ្យោបាយ ធ្វើសកម្មភាព ។ ទី២ ឈ្មោះ សុខ សារ៉ន ភេទប្រុស អាយុ១៧ឆ្នាំមុខរបរ មិនពិតប្រាកដ ជាអ្នកឆក់កាបូបលុយ ។ ជនសង្ស័យទាំង២នាក់ មានទីលំនៅភូមិប៉ប្រ៉កជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ចំណែកជនរងគ្រោះ ឈ្មោះ ហួ ណាលី ភេទស្រី អាយុ៣០ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន មានទីលំនៅភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រីឯលុយក្នុងកាបូបមានតែ៧ម៉ឺនរៀល ។

តាមស្ត្រីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ គាត់ជិះម៉ូតូម៉ាកស្កុបពី ជិះទៅរកទិញផ្លែឈើនៅផ្សារព្រៃទា លុះវិលត្រឡប់ទៅវិញកាបូបដាក់នៅឃ្លប់ម៉ូតូខាងមុខ ធ្វើដំណើរតាមផ្លូវបេតុង ពីកើតទៅលិច ដល់ចំណុចផ្លូវបំបែកជាបួន កន្លែងកើតហេតុ ស្រាប់តែជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកBeat មកឆក់យកកាបូបលុយ បានសម្រេចហើយ ព្យាយាមជិះរត់គេច ស្រែកចោរៗផ្អើលអ្នកដំណើរពលរដ្ឋដេញតាម រហូតដល់ខាងក្រោយរោងចក្រQMI ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ព័ទ្ធចាប់ខ្លួនបានទាំង២នាក់ ។

ជនសង្ស័យក្រោយចាប់ខ្លួនបាន ដោយសារអស់ល័ក្ខ ឆក់កាបូបលុយមានតែ៧មុឺនរៀល សមត្ថកិច្ចនាំទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ៣ រួចប្រគល់ឲ្យទៅប៉ុស្តិ៍សំរោងក្រោម ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញខណ្ឌចាត់ការបន្តតាមនីតិវិធី ៕

Share.