ភ្នំពេញ៖ ស្ត្រីម្នាក់បានរងរបួសធ្ងន់ ខណៈកំពុងជិះម៉ូតូដេញចាប់ជនសង្ស័យពីរនាក់ ដែលបានធ្វើសកម្មភាពឆក់កាបូបដាក់ទូរស័ព្ទដៃរបស់គាត់។ ហេតុការណ៍នេះបានកើតឡើងនៅចំណុចមុខក្រសួងរ៉ែថាមពល ក្នុងសង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ កាលពីវេលាម៉ោង ៦និង១៥នាទីព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១។

យោងតាមសម្តីស្ត្រីរងគ្រោះខាងលើបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានជិះម៉ូតូមួយគ្រឿងចេញពីផ្ទះធ្វើដំណើរ តាមផ្លូវចេញពីម្ដុំផ្សារកណ្ដាល ឆ្ពោះទៅម្ដុំផ្សារថ្មីលុះដល់ចំណុច មុខក្រសួងរ៉ែនិងថាមពល ក៏លេចមុខជនសង្ស័យពីរនាក់ជិះម៉ូតូអាយខុនមួយគ្រឿងឌុបគ្នាបានធ្វើសកម្មភាពឆក់កាបូបពីរូបគាត់ ហើយពួកគេបានព្យាយាមជិះរត់គេចខ្លួន ពេលនេះរូបគាត់ដែលជាជនរងគ្រោះបានជិះម៉ូតូដេញតាមជនសង្ស័យទាំង២ នាក់ខាងលើស្រែកផ្អើលឆោឡោរហូតដល់ចំណុចម្តុំនាឡិកាវត្តភ្នំរូបគាត់ក៏បានជិះម៉ូតូបុកជាមួយនឹងជនសង្ស័យបណ្ដាលឲ្យដួលម៉ូតូរងបួសរយះជើងនិងដៃ ស្របពេលនោះកម្លាំងប្រជាការពារខណ្ឌដូនពេញដែលកំពុងតែរៀបចំសណ្តាប់ធ្នាប់នៅទីនោះបានជួយអន្តរាគមន៍ចាប់ឃាត់ខ្លួនជនសង្ស័យទាំងពីរ នាក់ខាងលើបានភ្លាមៗ រួចប្រគល់ជនសង្ស័យទាំង២នាក់ទៅឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ផ្សារកណ្ដាលទី២ ដឹកយកទៅធ្វើការសាកសួរបន្ត។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់កំពុងតែឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី៕

នារីម្នាក់ ជិះម៉ូតូតាមចាប់ចោរឆក់កាបូប ទីបំផុតបុកគ្នា រងរបួស
ជនសង្ស័យឆក់កាបូប

Share.