អគ្គិភ័យឆាបឆេះហាងលក់ដូរមួយកន្លែងស្ទើរទាំងស្រុង និងហាងមួយទៀតនៅក្បែរនោះខូចខាតផ្នែកខ្លះ នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៧ តុលា ២០២១។ នេះបើយោងតាមសេចក្ដីរាយការណ៍ពី មន្ទីរព័ត៌មានខេត្តព្រះសីហនុ។ 

លោក នួន ប៊ុនថុល អភិបាលនៃគណៈអភិបាលក្រុងកោះរ៉ុង បានឱ្យដឹងជាបឋមថា អគ្គីភ័យខាងលើនេះបានឆេះបំផ្លាញលំនៅដ្ឋានប្រមាណ២ខ្នង ហើយភ្លាមៗនោះមន្រ្តីមូលដ្ឋាន និងប្រជាពលរដ្ឋ ដែលដឹកនាំដោយរូបលោកផ្ទាល់ បានចុះអន្តរាគមន៍ពន្លត់កុំអោយមានការឆេះរាលដាលបន្ត ។

យោងតាមរបាយការណ៍បឋម អគ្គិភ័យបណ្ដាលឲ្យហាងបាយមួយដែលផ្ដើមហេតុបានឆេះខូចខាតស្ទើរទាំងស្រុង និងហាងមួយទៀតនៅក្បែរគ្នានោះ ខូចខាតផ្នែកខ្លះ។ ចំពោះមូលហេតុនៃអគ្គីភ័យនេះ គឺបណ្តាលមកពីធ្លាយធុងហ្គាសឆាបជាមួយភ្លើងចង្ក្រាន៕ 

Share.