កម្មវិធី​ប្រកួត​ Miss Intercontinental 2021 នឹង​ចាប់​ផ្ដើម​ការ​ប្រកួត​នៅ​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០២១ ខាង​មុខ​នេះ​ហើយ ដោយ​បេក្ខនារី​​ដែល​តំណាង​ឱ្យ​ Miss intercontinental Cambodia 2021 គឺ​កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ​ម្ចាស់​ជយលាភី​រង​លំដាប់​ទី​មួយ​កម្មវិធី​ប្រកួត​ Miss Cambodia 2020។ ដើម្បី​ជា​ការ​ចូលរួម​អបអរសាទរ​ស្ត្រី​កម្ពុជា​ដំបូង​ដែល​បាន​បោះ​ជំហាន​ចូលរួម​ក្នុង​ការ​ប្រកួត​លើក​ទី​៤៩ នៅ​ប្រទេស​ អេហ្ស៊ីប​ យុទ្ធនាការ១ដុល្លារ​ (Challenge 1$) ចូលរួម​បរិច្ចាគ​ថវិកា​ដើម្បី​ទិញ​ម៉ាស​ក្រម៉ា​ខ្មែរ ត្រូវ​បាន​បង្កើត​ឡើង​​ក្រោម​​គំនិត​ផ្ដួចផ្ដើម​ Admin Page: Universe Pageant។

យោងតាម​ការ​បង្ហោះ​របស់​អេដមីន​ផេក​ បាន​ឱ្យ​ដឹង​ថា​ខ្លួន​បាន​ទិញ​ម៉ាស​ចំនួន​៣០​ម៉ាស រួចរាល់​ហើយ​ ប៉ុន្តែ​នៅ​មាន​ខ្វះ​ម៉ាស​ជា​ច្រើន​ទៀត​សម្រាប់​ ឱ្យ​បវរកញ្ញា​កម្ពុជា​ យក​ទៅ​ចែក​ជូនបវរកញ្ញា​បរទេស​ដែល​ទៅ​ចូលរួម​ប្រកួត​ជាមួយ​គ្នា​ បាន​ស្គាល់​ថា​ក្រម៉ា​គឺជា​របស់​ខ្មែរ​។

សារព័ត៌មាន​ត្រយង​បាន​ធ្វើ​ការ​​ទំនាក់ទំនង​តាម​ប្រព័ន្ធ​អនឡាញ​ទៅ​កាន់​កញ្ញា​ ពេជ្រ វត្តីសារ៉ាវឌ្ឍី ចំពោះ​ការប្រមូល​ថវិកា​​ទិញ​ម៉ាស​ក្រម៉ា​នេះ​ ដោយ​កញ្ញា​​បាន​ឆ្លើយ​តប​ឱ្យ​ដឹង​ថា​៖ «ការ​ប្រមូល​ថវិកា​ម្នាក់​មួយ​ដុល្លារ​ទិញ​ម៉ាស​ក្រម៉ា​នេះ​ គឺ​ធ្វើ​ជា​កាដូ​ជូន​ដល់​បេក្ខនារី​ប្រទេស​ផ្សេងៗ ដើម្បី​ជា​ការ​ផ្សព្វផ្សាយ​ក្រម៉ា​ខ្មែរ​ទៅ​កាន់​ឆាក​អន្តរជាតិ​ ម្យ៉ាង​ដោយ​សារ​បច្ចុប្បន្ន​ជា​សម័យ​ Covid អ៊ីចឹង​របស់​ដែល​មនុស្ស​យើង​ត្រូវ​ការ​គឺ​ម៉ាស​ អ៊ីចឹង​យើង​អាច​ច្នៃ​ក្រម៉ា​ខ្មែរ​ទៅ​ជាម៉ាស ខ្ញុំ​ចង់​បង្ហាញ​ទៅ​កាន់​បរទេស​ថា​ ក្រម៉ា​របស់​ខ្មែរ មាន​អត្ថប្រយោជន៍​អាច​ប្រើ​បាន​គ្រប់​បែប​យ៉ាង​ទាំង​អស់​ មិន​ថា​ជា​ក្រម៉ា ជាសំលៀក​បំពាក់ ឬច្នៃ​ជា​របស់​របរ​ប្រើប្រាស់​ផ្សេងៗ​ទៀត​ ជារួម​គោល​បំណង​គឺ​ផ្សព្វផ្សាយ​ក្រម៉ា​ខ្មែរ​ទៅ​កាន់​បេក្ខនារី​ប្រទេស​ផ្សេងៗ​ក៏​ដូច​ជា​ពិភព​លោក​​ផង​ដែរ​​​។»

បវរកញ្ញា​កម្ពុជា​រូប​នេះ​ក៏​បាន​លួច​បង្ហើប​ផង​ដែរ​ថា​ ក្រៅ​អំពី​ផ្សព្វផ្សាយ​ពី​ម៉ាស​ក្រម៉ាសហើយ​នោះ​ កញ្ញា​ក៏​មានត្រៀម​ឈុត​សំលៀក​បំពាក់​ជា​ក្រម៉ា​ ដើម្បីចូលរួម​ក្នុង​កម្មវិធី​នានា​នៅ​ក្នុង​ការ​ប្រកួត​នា​ពេល​ខាង​មុខ​នេះ​ផង​ដែរ​។

រូបភាពពី Page: Universe Pageant

គួរ​ដឹង​ផង​ដែរ​ថា​ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ធ្លាប់​បាន​បង្ហាញ​ចំណាត់​អារម្មណ៍​ពាក់ព័ន្ធ​នឹង​ការ​ទទួល​បាន​តំណែង ​Miss Cambodia 2020 (1st Runner up) របស់​ខ្លួន​ថា​ ពិតជាមានអត្តន័យណាស់សម្រាប់ខ្ញុំ វាជាតំណែងមួយដែលបានមកពីការខិតខំប្រឹងប្រែងតស៊ូរបស់ខ្ញុំដោយសមត្ថភាពផ្ទាល់ តំណែងមួយនេះអាចបម្រើអោយសង្គម ជាសម្លេងជួយជំរុញនិងលើកកម្ពស់អោយស្រ្តីកាន់តែមានថាមពល។

សម្រាប់​ប្រិយមិត្ត​អ្នក​អាន​ដែល​ចង់​ចូលរួម​ក្នុង​ Challenge ខាង​លើ​អាចចុច Telegram-Troryorng

Share.