បន្ទាយមានជ័យ៖ ពលករចំនួន៨នាក់ ស្រីចំនួន៤នាក់ ដែលបម្រុងលួចឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំងកងការពារព្រំដែនលេខ៥០៣ សហការជាមួយវរសេនាតូចថ្មើរជើង លេខ៥១៤ និងនគរបាលព្រំដែនគោកលេខ៩១១ ឃាត់ខ្លួនបានកាលពីម្សិលមិញ នៅវេលាម៉ោង ០៦នាទី ព្រឹកខណៈ ពេលដែលពួកគេ បម្រុងលួចឆ្លងដែនដោយខុសច្បាប់ ។

ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការកងការពាព្រំដែនលេខ៥០៣ ពង្រឹងការល្បាត តាមបន្ទាត់ព្រំដែន កម្ពុជា ថៃ ២៤ ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នា សហការជាមួយកម្លាំងចម្រុះ ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងការឆ្លងរាលដាល នៃជំងឺកូ វីដ-១៩ មិនឲ្យចូលទៅក្នុងសហគមន៍ និងតំបន់ផ្សេងទៀត។

សូមបញ្ជាក់ថា ខណៈកងកម្លាំងចម្រុះល្បាត ក៏បានជួប ពលករបម្រុងលួចឆ្លងដែន ទើបកងកម្លាំង កងការពារព្រំដែនលេខ៥០៣ ឃាត់ខ្លួនបានតែម្តង ក្រោយពីឃាត់ខ្លួន ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ កុំឲ្យបន្តចាញ់បោកមេខ្យល់ ដែលតែងតែបញ្ចុះបញ្ចូល នាំពលករឆ្លងដែនដោយខុសច្បាប់ ដោយមិនគិតពីសុខសុវត្ថិភាព និងខាតបង់ប្រាក់ជាបន្តបន្ទាប់ ជាពិសេសសូមបន្តចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ អោយបានទាំងអស់គ្នា ដើម្បីគ្រួសារ និងសង្គមជាតិ៕

អត្ថបទ៖​​​ ប៉ោយប៉ែត

Share.