មនុស្សជាច្រើនបានព្យាយាមសន្សំលុយឲ្យបានសល់ដើម្បីសម្រេចបំណងធំណាមួយ ឬ ត្រូវការប្រើប្រាស់បន្ទាន់នៅថ្ងៃអនាគត ប៉ុន្ដែលទ្ធផលនៃការសន្សំអាចខុសគ្នា​ ព្រោះតែកត្តាលទ្ធភាព និងការចំណាយ។ អ្នកខ្លះខំសន្សំលុយនឹងគេដែរប៉ុន្ដែមិនសល់សោះ ដោយសារតែមិនអាចតាំងចិត្ត និង គ្រប់គ្រងការចំណាយរបស់ខ្លួនឲ្យបានងត្រឹមត្រូវ។ ដូច្នេះតើធ្វើយ៉ាងណាដើម្បីឲ្យការសន្សំលុយរបស់អ្នកទទួលបានជោគជ័យ និងសល់ប្រាក់?  

១) អត់ធ្មត់៖ នៅពេលដែលអ្នកចង់ទិញអ្វីមួយ អ្នកត្រូវមានសំណួរសួរខ្លួនឯងថា វាចាំបាច់ទេ វាសំខាន់ទេ មិនអាចខ្វះបានមែនទេ​? ប្រសិនបើមិនចាំបាច់អ្នកគួរតែអត់ធ្មត់កុំចំណាយផ្ដេសផ្ដាសដែលនាំឲ្យការសន្សំរបស់អ្នកមិនជោគជ័យ ហើយមិនសល់លុយ។

២) រងការឈឺចាប់៖ ប្រសិនបើអ្នកគ្មានលុយនោះ តើមានអ្នកណារាប់អានអ្នក មើលមុខអ្នក រួមដំណើរជាមួយអ្នក និង ចង់សហការជាមួយអ្នក។ នៅពេលដែលអ្នកមិនមានលុយ តើសំដីរបស់អ្នកមានតំលៃឬទេ?

៣) បង្កើតគម្រោងថវិកា៖ ត្រូវកត់ទុកចំណូលចំណាយឲ្យបានច្បាស់លាស់ ដើម្បីកុំឲ្យមានការចំណាយមិនច្បាស់លាស់ ម្យ៉ាងវិញទៀតនៅពេលដែលអ្នកដឹងច្បាស់ពីចំណូលចំណាយច្បាស់លាស់ អ្នកអាចគ្រប់គ្រង និង ដឹងអំពីការចាយវាយប្រចាំថ្ងៃផងដែរ។

៤) ផ្អាកការហូបអាហារក្រៅផ្ទះ៖ អាហារក្រៅផ្ទះ ក៏ជាចំណែកមួយដែលធ្វើឲ្យអ្នកខាតបង់ថវិកាដែរ ជាពិសេសអាហារក្រៅផ្ទះអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នកផងដែរ។ ដូច្នេះបើចង់សល់លុយ ចង់ចំណេញពេលវេលា គួរតែផ្អាកការញុំាំអាហារក្រៅផ្ទះ ហើយគួរតែចំណាយពេលចម្អិនអាហារនៅផ្ទះដោយខ្លួន​ឯង។

នៅក្នុងបរិបទសម័យកូវីដនេះ ការចាយលុយគឺជារឿងងាយស្រួលបំផុត ព្រោះអាហារ និង ទំនិញផ្សេងៗ នៅក្បែរអ្នកដោយគ្រាន់តែបញ្ជាទិញតាមទូរស័ព្ទប៉ុណ្ណោះ។ វាមានភាពងាយស្រួលដោយមិនចាំបាច់ឲ្យអ្នកចំណាយពេលវេលាទៅខាងក្រៅ។ ប៉ុន្ដែចំណុចនេះគឺគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះអ្នកអាចរបូតលុយទៅបាត់ដោយមិនដឹងខ្លួន ដូច្នេះគួរកាត់បន្ថយចំណុចនេះឲ្យមែនទែន៕​

Telegram-Troryorng
Share.