ជាថ្មីម្ដងទៀត កម្ពុជាយកជ័យលើក្រុមកីឡាករក្រុមកោះហ្គាំរបស់សហរដ្ឋអាមេរិក ក្នុងជំនួបជើងទី០២។ 

តាមរយៈផេករបស់ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសអបអរសាទរចំពោះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ទទួលបានជ័យជំនះលើក្រុមកីឡាករក្រុមកោះហ្គាំរបស់អាមេរិក ក្នុងជំនួបជើងទី២ នៃវគ្គជម្រុះ Play-Off នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន ហើយសម្ដេចបានឧបត្ថម្ភដល់ក្រុមជម្រើសជាតិកម្ពុជា ដែលឈ្នះលើការប្រកួតនេះចំនួនសែនដុល្លារ ដើម្បីជាការលើកទឹកចិត្ត ហើយថវិកានេះសូមទទួលពី​ ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ 

«ខ្ញុំសូមកោតសរសើរចំពោះលោក Honda ដែលបានដឹកនាំក្រុមកីឡាករជម្រើសជាតិកម្ពុជាទទួលបានជោគជ័យនេះ។» សម្ដេចតេជោ ហ៊ុន សែនបន្ថែម។

កម្ពុជា បានយកឈ្នះកោះហ្គាំ នៅជើងទី២នេះ ក្នុងលទ្ធផល ២ ទល់១។ ការប្រកួតជើងទី១ កម្ពុជាយកឈ្នះលើកោះហ្គាំ ក្នុងលទ្ធផល ១ ទល់០ ដែលធ្វើឲ្យកម្ពុជាទទួលបានគ្រាប់បាល់ឈ្នះទាំងពីរជើងនេះ ៣ ទល់១។

សូមជម្រាបជូនថា វគ្គជម្រុះជុំទី៣ នឹងត្រូវចាប់ឆ្នោតបែងចែកជា ៦ពូល ដោយពូលនីមួយៗមាន ៤ក្រុម ខណៈការប្រកួត នឹងចាប់ផ្ដើមពីដើមខែកុម្ភៈ ដល់ចុងខែកញ្ញា ឆ្នាំ២០២២ ដើម្បីចម្រាញ់ក្រុមខ្លាំងឡើងជុំផ្ដាច់ព្រ័ត្រនៅចិន នាឆ្នាំ២០២៣ ខាងមុខនេះ៕

Share.