បាត់ដំបង៖ ទឹកភ្លៀងបន្តធ្លាក់ច្រើនជាប់ៗគ្នាក កម្ពស់ ៨០មីលីម៉ែត្រពីតំបន់ស្រុកសំឡូត ជាហេតុបណ្តាលឲ្យទឹកស្ទឹងសង្កែហក់ឡើងយ៉ាងគំហុក។

ទឹកស្ទឹងសង្កែខេត្តបាត់ដំបង បានជោរជន់ហក់ឡើងយ៉ាងគំហុកជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី ១១មក បានបង្កឲ្យកម្ពស់ទឹកស្ទឹងសង្កែបានកើនឡើងយ៉ាងខ្ពស់គិតត្រឹមព្រឹកថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២១នេះ។

លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបងបានបញ្ជាក់ថា ស្ថានភាពជំនន់ទឹកស្ទឹងសង្កែដំណាក់កាលចុងក្រោយនេះមិនមានបញ្ហាគួរឲ្យគាត់សម្គាល់នោះទេ ដោយសារទឹកភ្លៀងបានធ្លាក់កាលពីកន្លងមកនេះ ត្រឹមតែផ្នែកមួយប៉ុណ្ណោះនៃតំបន់ប៉ែកខាងលើក្នុងស្រុកសំឡូត ទើបបណ្តាលឲ្យមានទឹកហូរចាក់ចុះមកផ្នែកខាងក្រោមឆ្លងកាត់ស្ទឹងសង្កែ និងមានកម្ពស់ខ្ពស់ ហើយបន្តហូរចាក់ទៅខាងក្រោមបឹងទន្លេសាប។

មន្ត្រីជំនាញបន្តថា មកទល់ពេលនេះជំនន់ទឹកភ្លៀងបាននិងកំពុងហៀរចូលតាមអូរ និងព្រែកខ្លះៗហើយដែរ ប៉ុន្តែមិនទាន់បានទាំងស្រុងនៅឡើយទេ។ ហើយទឹកភ្លៀងបន្តធ្លាក់នៅតំបន់ស្រុកសំឡូតប៉ុន្មានថ្ងៃចុងក្រោយមានកម្ពស់ ៨០មីលីម៉ែត្រ ទើបបណ្តាលឲ្យទឹកក្នុងស្ទឹងសង្កែជន់ឡើងលឿនមានកម្ពស់ ១២,៧០ម៉ែត្រ។

បើទោះបីជាប្រទេសកម្ពុជា រងការប៉ះពាល់ដោយឥទ្ធិពលសម្ពាធទាបយ៉ាងណាក្តី ក៏ស្ថានភាពទឹកជំនន់នេះមិនទាន់មានអ្វីគួរឲ្យព្រួយបារម្ភឡើយព្រោះភូមិសាស្ត្រខេត្តបាត់ដំបងមានប្រព័ន្ធធារាសាស្ត្រ សំណង់ស្តុកទឹកធំៗច្រើន អាចបញ្ចៀសបញ្ហាគ្រោះថ្នាក់ទ្រង់ទ្រាយធំបានមួយភាគ។កម្ពស់ទឹកស្ទឹងសង្កែចំពោះមុខនេះនឹងស្រកចុះឆាប់ៗក្នុងករណីមេឃរាំងភ្លៀងនៅផ្នែកខាងលើស្រុកសំឡូត៕

អត្ថបទ៖ ដំបងក្រញូង

Share.