បាត់ដំបង៖ ពលរដ្ឋខ្មែរជាង ១០០នាក់ ខណ:ចូលព្រៃប្រុងឆ្លងដែនដោយខុសច្បាប់ចូលក្នុងទឹកដីថៃត្រូវនគរបាលឃាត់ខ្លួន។

លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ ៨១៩បានប្រាប់ឲ្យដឹងនៅព្រលប់ថ្ងៃទី១២ ខែតុលានេះថាដោយមានកិច្ចសហការគ្នាល្អ កម្លាំងវរសេនាតូចការពារព្រំដែនគោកលេខ ៨១៩ ជាមួយនឹង កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកំរៀងបាន ស្ទាក់ និងឃាត់ខ្លួនពលរដ្ឋជាពលករខ្មែរច្រើននាក់មិនធ្លាប់មានចាប់តាំងពីទៀបភ្លឺថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២១មក។

ការឃាត់ខ្លួនពលរដ្ឋក្មេង ចាស់ ប្រុស ស្រីទាំងអស់សរុបចំនួន ១៣០នាក់ ក្នុងនោះមានបុរសចំនួន ៩៥នាក់ ស្រី្តចំនួន ៥២នាក់ និងកុមារតូចៗចំនួន ១៣នាក់ផងដែរ។ ពួកគេទាំងអស់គ្នាបានលបលួចបម្រុងឆ្លងដែនចូលក្នុងទឹកដីថៃជាបន្តបន្ទាប់ និងជាច្រើនគោលដៅនៅក្នុងភូមិសាស្ត្រភូមិអូរដាលេី ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។

មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ ៨១៩ បានបញ្ជាក់បន្តថា ពលរដ្ឋខ្មែរទាំង ១៣០នាក់ខាងលើសុទ្ធសឹងជាប្រជាពលរដ្ឋដែលមកពីបណ្តាខេត្តនានាដូចជា ខេត្តតាកែវ ខេត្តព្រៃវែង ជាដើមក្នុងគោលបំណងដើម្បីស្វែងរកការងារធ្វើ ទាំងមិនបានគិតពីស្ថានភាពប្រទេសជិតខាងកំពុងមានវិបត្តិកូវីដ-១៩។

បច្ចុប្បន្ននេះ នគរបាលការពារព្រំដែន ៨១៩ បានបញ្ជូនពលរដ្ឋទាំងអស់ប្រគល់ឲ្យកម្លាំងនគរបាលស្រុកកំរៀង ដេីម្បីសាកសួរបន្ថែម ក៏ដូចជាបន្តស្វែងរកប្រភពមេខ្យល់ជាអ្នកដឹកនាំដេីម្បីអនុវត្តតាមផ្លូវច្បាប់៕

អត្ថបទ៖ដំបងក្រញូង

Share.