បាត់ដំបង៖ ជនសង្ស័យប្រុសស្រីចំនួន ១២នាក់ត្រូវសមត្ថកិច្ចក្រុងបាត់ដំបង ក្រសោបបានក្រោយល្មើសរក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ជាច្រើនកញ្ចប់។

លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបងបានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីមានការលើកឡើងជាបន្តបន្ទាប់ពីសំណាក់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានកើតហេតុ លោកបានរៀបចំប្រើប្រាស់កម្លាំងជំនាញចុះស៊ើបអង្កេតជាច្រើនថ្ងៃ រហូតកំណត់មុខសញ្ញាជនល្មើស​ រួចបង្ក្រាបប្រមូលអ្នកជាប់ពាក់ព័ន្ធទាំងអស់តែម្តង ក្នុងបទល្មើសជាក់ស្តែង។

ប្រតិបត្តិការបង្ក្រាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនខាងលើក ម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យប្រុស ស្រីសរុបចំនួន ១២នាក់ ជាអ្នករស់នៅក្នុងក្រុងបាត់ដំបង និងមួយចំនួនទៀតរស់នៅក្នុងស្រុកសង្កែ និងស្រុកមោងឬស្សី។

លោកអធិការនគរបាលបន្តថា ការចុះអនុវត្តច្បាប់ បង្ក្រាបនេះធ្វើឡើងនៅរសៀលថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២១ ក្នុងបរិវេណស្ថានីយ៍រថភ្លើង ស្ថិតក្នុងក្រុមទី ២ ភូមិកម្មករ សង្កាត់ស្វាយ ប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

វត្ថុតាងដែលនគបាលជំនាញប្រមូលបានពីបទល្មើសនេះរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន ៣០ថង់ ទម្ងន់ ២០,៧៧ ក្រាម ទូរស័ព្ទដៃចំនួន ០៥គ្រឿង រួមទាំងសម្ភារៈសម្រាប់ប្រើប្រាស់ចែកចាយគ្រឿងញៀនមួយចំនួនទៀត៕

អត្ថបទ៖ ដំបងក្រញូង

Share.