បាត់ដំបង៖ ស្ត្រីកំសត់ម្នាក់បានដេកស្លាប់នៅក្នុងបន្ទប់ជួលម្នាក់ឯង បន្សល់ទុកកូនតូចម្នាក់ឲ្យរស់នៅកំព្រាតែលតោលម្នាក់ឯង។

ប្រភពចេញពីបន្ទប់ជួលឋិតនៅក្នុងភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបងបានបញ្ជាក់ថា ស្ត្រីជនរងគ្រោះជាមួយនឹងកូនតូចម្នាក់ទៀតបានមកជួលបន្ទប់របស់គាត់ដើម្បីរស់នៅបានរយ:ពេល ២៥ថ្ងៃ ហើយនៅប៉ុន្មានថ្ងៃចុងក្រោយនេះជនរងគ្រោះបានធ្លាក់ខ្លួនឈឺ ដែលមិនមានសាច់ញាតិ ឬបងប្អូនមកជួយមើលថែរឡើយ។

ប្រភពខាងលើបានអះអាងបន្តថា នៅមុនថ្ងៃកើតហេតុគាត់បានឃើញបុរសចំណាស់ម្នាក់បានយកថ្នាំសង្កូវមកឲ្យស្ត្រីជនរងគ្រោះ ដើម្បីព្យាបាល រួចបុរសចំណាស់នោះក៏បានចាកចេញទៅវិញ ថែមទាំងបានផ្តាំផ្ញើរឲ្យអ្នករស់នៅបន្ទប់ជួលក្បែរខាងជួយមើលអ្នកជំងឺផង។ រំលងបានមួយយប់ លោកតាម្ចាស់បន្ទប់ជួលបានឆៀងទៅមើលដើម្បីសាកសួរសុខទុក្ខ ក៏ប្រទះឃើញស្ត្រីជនរងគ្រោះខាងលើបានដេកស្លាប់បាត់ទៅហើយ ដោយបន្សល់ទុកកូនប្រុសម្នាក់អាយុ ៤ឆ្នាំម្នាក់ដេកឱបដង្ហើយហៅម្តាយ។

ស្ត្រីជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ សុខះ អាយុប្រមាណជាង ៣០ឆ្នាំ មានកូនចំនួន ៣នាក់ ដោយកូនទី ១ត្រូវប្តីយកទៅនៅជាមួយ ហើយកូនទី ២ ជនរងគ្រោះឲ្យទៅរស់នៅជាមួយព្រះសង្ឍ ចំណែកកូនតូចទី ៣ រស់នៅជាមួយខ្លួន។

ភ្លាមៗសមត្ថកិច្ចជំនាញបានចុះដល់កន្លែងកើតហេតុហើយបានពិនិត្យសាកសពបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារគាំងបេះដូង រួចតម្កល់ទុក រងចាំក្រុមគ្រួសារសាច់ញាតិមកទទួលដើម្បីយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ ដំបងក្រញូង

Share.