គំនូរគ្មានរូបនេះត្រូវបានគេដឹងថាមានតម្លៃរហូតដល់ជិត ៩ម៉ឺនដុល្លាអាមេរិក ឯណោះ ហើយមូលហេតុដែលធ្វើឲ្យសារមន្ទីរតាំងគំនូរដែលគ្មានរូប គ្មានអត្ថន័យនេះព្រោះតែម្ចាស់គំនូរយកលុយហើយរត់។

សារមន្ទីរ គូស្ដេន នៃប្រទេសដាណឺម៉ាក បានតាំងគំនូរគ្មានរូបភាពចំនួន ២ផ្ទាំង បន្ទាប់ពីវិចិត្រករដែលសារមន្ទីរជួលឲ្យគូររូបបែបសិល្បៈទាន់សម័យក្នុងតម្លៃ ៨ម៉ឺន៤ពាន់ដុល្លាអាមេរិក បានរត់បាត់ស្រមោល បន្សល់ទុកតែផ្ទាំងគំនូរទទេស្អាត។ វិចិត្រករជនជាតិដាណឺម៉ាក លោក ជេន ហានីង ដែលជាម្ចាស់ផ្ទាំងគំនូរនេះ បានផ្ញើសារតាមរយៈអ៊ីមែល ទៅកាន់សារមន្ទីរថា រូបគេនឹងមិនមានបង្ហាញស្នាដៃគូរគំនូរជូនខាងសារមន្ទីរនោះទេ។ លោក ជេន ហានីងបានបន្ដទៀតថា ផ្ទាំងគំនូរនេះគឺជាផ្ទាំងគំនូរសិល្បៈបែបថ្មីរបស់លោក និងបានដាក់ឈ្មោះថា យកលុយហើយរត់។ ចំណែកឯវិធានការផ្លូវច្បាប់ផ្សេងៗនោះ ខាងសារមន្ទីរមិនទាន់បានបញ្ជាក់នៅឡើយ ខណៈដែលវិចិត្រកររូបនេះបានបំពានកិច្ចសន្យា។

ថ្វីត្បិតតែលោក ហានីង យកលុយរត់ចោលគំនូរនេះក៏ដោយ ក៏ខាងសារមន្ទីរ គូស្តេន របស់ប្រទេសដាណឺម៉ាកនៅតែបន្តតាំងរូបគំនូរនេះរហូតដល់ថ្ងៃបិទបញ្ចប់ការតាំងពិព័រណ៍៕

ប្រភព៖ The Star

Telegram-Troryorng
Share.