អាជ្ញាមូលដ្ឋានអាហ្វហ្កានីស្ថានបានឲ្យដឹងថា កាលពីម្សិលម៉ិញនៅទីក្រុងអាសាដាបាដ ស្ថិតក្នុងខេត្តគូណា ភាគខាងកើតប្រទេសអាហ្វហ្កានីស្ថាន មានករណីបំផ្ទុះគ្រាប់បែកលើរថយន្ដរបស់កងកម្លាំងសន្តិសុខតាលីបង់ បណ្ដាលឲ្យមេបញ្ជាការប៉ូលីសតាលីបង់ម្នាក់ និង ជនស៊ីវិលជាច្រើននាក់ទៀតរងរបួស​។

យោងតាមសាក្សីនៅកន្លែងកើតហេតុដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ការបំផ្ទុះគ្រាប់បែកនេះបានកំណត់គោលដៅលើរថយន្ដរបស់មន្រ្តីប៉ូលីសរបស់ក្រុមតាលីបង់ ហើយបានផ្ទុះនៅជិតស្ពានមួយក្នុងតំបន់ ខាហាលី នៃទីក្រុង អាសាដាបាដ នេះតែម្ដង។ ភ្លាមៗ ត្រូវបានគេរាយការណ៍ថា លោក អាប់ឌុលឡោះ ដែលជាមេបញ្ជាការបូលីសតាលីបង់ប្រចាំស្រុក ហ្សេហល នៃខេត្ត គូណា បានបាត់បង់ជីវិតក្នុងហេតុការណ៍នោះផងដែរ។ ជាមួយគ្នាក៏មានមនុស្សចំនួន ១១នាក់ ដែលមានស្ត្រី កុមារ និង បុរស រងរបួសទាំងអស់ ត្រូវបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តគូណា។ មកទល់ពេលនេះមិនទាន់មានក្រុមណាមួយចេញមកអះអាងចំពោះការវាយប្រហារនេះទេ ខណៈដែលក្រុមរដ្ឋអ៊ីស្លាមអាយស៊ីស ខេ ធ្លាប់បានបង្កសកម្មភាពស្រដៀងនេះក្នុងតំបន់មួយចំនួននៅអាហ្វហ្កានីស្ថាន នារយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។

គោលបំណងរបស់ក្រុមអាយស៊ីស ខេ គឺ ក្រុមតាលីបង់ព្រោះពួកគេធ្លាប់ប្រយុទ្ធគ្នាចាប់តាំងពីមានការលេចមុខនៅក្នុងអាហ្វហ្កានីស្ថានកាលពីឆ្នាំ ២០១៤ ហើយការប្រយុទ្ធគ្នារវាងក្រុមទាំង២ ត្រូវបានគេដឹងថា ជាការប្រយុទ្ធចងគំនុំផងដែរ៕

ប្រភព៖ New York Times

Telegram-Troryorng
Share.