បាត់ដំបង៖ មេខ្យល់ចំនួន ៣នាក់ ប្រព្រឹត្តល្មើសច្បាប់នាំពលករជាច្រើននាក់ឆ្លងដែនខុសច្បាប់ ត្រូវសមត្ថកិច្ចតំបន់ព្រំដែនឃាត់ខ្លួនបាន។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ការបង្ក្រាបទប់ស្កាត់ករណីប្រុងនាំពលករខ្មែរឆ្លងដែនខុសច្បាប់ចូលក្នុងប្រទេសថៃនេះធ្វើឡើងនៅវេលារំលងអាធ្រាត ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២១ ក្នុងភូមិសាស្ត្រភូមិ គីឡូ ១៣ ឃុំ សន្តិភាព ស្រុកសំពៅ លូន ខេត្តបាត់ដំបង។

ប្រតិបត្តិការនេះ អនុវត្តរួមគ្នារវាងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៧ ជាមួយកម្លាំងយោធាសឹករងស្រុកសំពៅលូន ព្រមទាំងកម្លាំងវរសេនាតូចលេខ ៥៣៣។ ក្រោយបង្ក្រាបជាក់ស្តែងរួមមាន ពលករខ្មែរសរុបចំនួន ៨នាក់ ក្រោយមកបានបន្តនីតិវិធីសាកសួរ និងស្រាវ ជ្រាវទើបដឹងថា ក្នុងចំណោមពលករទាំង ៨នាក់ខាងលើ មានបង្កប់នូវមេខ្យល់ចំនួន ៣ផងដែរ ដែលល្មើសនាំយកមនុស្សចេញដោយមិនស្របច្បាប់ សម្រាប់នាំឆ្លងដែនចូលទៅក្នុងប្រទេសថៃ។

ប្រភពខាងលើបន្ថែមបន្តថា មេខ្យល់ប្រុសស្រីដែលនាំខ្លួនក្នុងករណីនេះមានឈ្មោះធូ ធា ភេទប្រុស អាយុ ២៥ឆ្នាំមានទីលំនៅក្នុងភូមិអូរ ឃុំសន្តិភា ពស្រុកសំពៅលូន ខេត្តបាត់ដំបង ចំណែក ២នាក់មានឈ្មោះបូ វន ភេទស្រី អាយុ ៣៣ឆ្នាំ និងឈ្មោះ វឿន សុងវិ ភេទប្រុស អាយុ ២០ឆ្នាំ ទាំង២ នាក់រស់នៅភូមិជ្រៃ ឃុំ បឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ករណីបម្រុងធ្វើសកម្មភាពល្មើសច្បាប់នេះដែរ កម្លាំងបង្ក្រាបដកហូតបានវត្ថុតាងបានមួយចំនួនរួមមាន: រថយន្ត០១គ្រឿងម៉ាក Toyota Camry ពណ៌ខ្មៅ ផលិតឆ្នាំ១៩៩០ ពាក់ស្លាកលេខ ង-៥៨៦៩ ភព២ រួមទាំងម៉ូតូចំនួន ០២គ្រឿងទៀត ម៉ាកហុងឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ ២០១៧ និងម៉ាកវេវ ពណ៌ក្រហមលាយខ្មៅ ផលិតឆ្នាំ ២០១៨។

បន្ទាប់ពីបញ្ចប់ការសាកសួរកម្លាំងបង្ក្រាបបានប្រគល់ទាំងពលករ ទាំងមុខសញ្ញាមេខ្យល់ និងវត្ថុតាងទៅអោយកំលាំងអធិការដ្ឋានស្រុកសំពៅលូនដេី ម្បីចាត់ការបន្តរ៕

អត្ថបទ៖ ដំបងក្រញូង

Share.