ក្រុម​​វាយ​កូន​បាល់​ជម្រើស​ជាតិ​កម្ពុជា មាន​ឈ្មោះ​ចូលរួម​ប្រកួត​ពានរង្វាន់​​វាយ​​កូន​បាល់​អន្តរជាតិ​ប្រចាំ​ទ្វីប​អាស៊ី​និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក Davis Cup 2021 កម្រិត​ទី៤ (Asia/Oceania Group IV) ដែល​រៀបចំ​នៅ​ទីលាន Bahrain Tennis Federation Courts ក្នុង​​ទីក្រុង Isa Town ប្រទេស​បារ៉ែន។

ក្រុម​ចូលរួម​ប្រកួត​មាន​​ម្ចាស់​ផ្ទះ​បារ៉ែន, កម្ពុជា, កោះ​ហ្គាម, អ៊ីរ៉ង់, អ៊ីរ៉ាក់,​គីហ្ស៊ីស្ថាន,​ម៉ុងហ្គោលី,​អូម៉ង់,​អារ៉ាប៊ីសាអ៊ូឌីត,​សិង្ហបុរី,​តាហ្ស៊ីគីស្ថាន,ទួរមេនីស្ថាន,​យេមែន និង​អារ៉ាប់រួម។ ចំណែក​ក្រុម​បង់ក្លាដេស និង​មីយ៉ាន់ម៉ា បាន​សុំ​ដក​ខ្លួន​ពី​ការ​ប្រកួត។

ក្រុម​ដែល​ចូលរួម​ត្រូវ​ចាប់​ឆ្នោត​ជា​២ពូល ហើយ​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ។ ការ​ប្រកួត​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី១៨ ដល់​២៣ ខែ​តុលា ឆ្នាំ​២០២១។ ក្រុម​ខ្លាំង​ចំនួន២​ក្រុម​តាម​ពូល​នីមួយៗ​មាន​ឈ្មោះ​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ហើយ​​ក្រុម​ចំណាត់​ថ្នាក់​ល្អ​៣​ក្រុម​​មាន​ឈ្មោះ​ឡើង​ទៅ​ប្រកួត​កម្រិត Asia/Oceania Group III ឆ្នាំ​២០២២។

ចំពោះ​ក្រុម​កម្ពុជា ដឹកនាំ​ដោយលោក​ ទេព រិទ្ធីវិត អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​ ហើយ​កីឡាករ​មាន​​កីឡាករ ទេព ធីម៉ូធី ឃ្លាំង ពន្លក, ប៊ុន កេន្នី និង ឡុង សំនៀង។

ពានរង្វាន់ Davis Cup 2021 បែង​ចែក​ជា​ច្រើន​ផ្នែក ដោយ​កម្រិត​ខ្ពស់​មាន​​វគ្គ​ជុំ​ផ្ដាច់ព្រ័ត្រ Davis Cup Finalsក្នុង​នោះ​សមាជិក​​១៨​ប្រទេស, ផ្នែក​កម្រិត​ពិភពលោក​ផ្នែក​ទី១ World Group Iមាន​សមាជិក​២៤​ប្រទេស​, វគ្គ​ជម្រុះ​ World Group I Play Off មាន​សមាជិក​២៤​ប្រទេស, វគ្គ​ប្រកួត World Group II មាន​ក្រុម​ចំនួន​២៤​ប្រទេស, វគ្គ​ប្រកួត World Group II Play Off មាន​​២៤​ប្រទេស និង​ការ​ប្រកួត Group III គឺ​ធ្វើ​ឡើង​តាម​ទ្វីប​នីមួយៗ។

ក្រុម​វាយ​កូនបាល់​របស់​កម្ពុជា ធ្លាប់​មាន​ឈ្មោះ​ឡើង​ទៅ​លេង​កម្រិត​ Asia/Oceania Group III បាន​​បាន​ប៉ុន្មាន​ឆ្នាំ​គឺ​ចន្លោះ​ឆ្នាំ​២០១៣ ​ដល់​ឆ្នាំ​​២០១៦ ទើប​ធ្លាក់​ចេញ​ទៅ Asia/Oceania Group IV វិញ​មក​ទល់​សព្វ​ថ្ងៃ៕

Telegram-Troryorng
Share.