ប្រទេសចំនួន៨ និង ប្រមុខការទូតសហភាពអ៊ឺរ៉ុប បានជំរុញឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាអនុញ្ញាតឲ្យបេសកជនពិសេសប្រចាំតំបន់ជួបជាមួយអតីតមេដឹកនាំប្រទេសមីយ៉ាន់ម៉ា លោកស្រី អ៊ុង សានស៊ូជី ដែលត្រូវបានទម្លាក់ចេញពីតំណែង និង កំពុងស្ថិតក្នុងការឃុំឃាំងយ៉ាងតឹងរឹងពីយោធា​មីយ៉ាន់ម៉ា។

ការអំពាវនាវនេះកើតមានឡើងនៅពេលដែល យោធាមីយ៉ាន់ម៉ាមិនអនុញ្ញាតឲ្យបេសកជនពិសេសរបស់អាស៊ាន លោក អេរីវ៉ាន យូសូហ្វ ចូលជួបជាមួយអ្នកដែលកំពុងស្ថិតក្នុងដំណើរការជំនុំជម្រះក្ដីតាមផ្លូវច្បាប់បច្ចុប្បន្ននេះទេ ក្នុងនោះក៏មានលោកស្រី អ៊ុង សានស៊ូជី ម្នាក់ដែរ។

នៅក្នុងសេចក្ដីថ្លែងការណ៍រួម ដែលមានសហរដ្ឋអាមេរិក អង់គ្លេស អូស្រ្តាលី កាណាដា កូរ៉េខាងត្បូង នូវែលសេឡង់ ន័រវែស និង ទីម័រខាងកើត បាននិយាយថា (ពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពដ៏អាក្រក់នៅមីយ៉ាន់ម៉ា ហើយបានជំរុញឲ្យទីក្រុងណៃពិដោ ចូលរួមក្នុងន័យស្ថាបនា ជាមួយបេសកជនពិសេសអាស៊ាននេះ។ យើងសូមអំពាវនាវឲ្យយោធាជួយសម្រួលដំណើរទស្សនកិច្ចជាទៀងទាត់ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដោយបេសកជនពិសេសអាស៊ាន ហើយដើម្បីឲ្យគាត់អាចចូលរួមដោយសេរីជាមួយភាគីពាក់ព័ន្ធទាំងអស់។) ​

ជាមួយគ្នា រដ្ឋមន្ត្រីការបរទេសអាស៊ានជាច្រើនក៏បានជួបប្រជុំគ្នាកាលពីល្ងាចថ្ងៃសុក្រនេះថា តើត្រូវដកលោក មីន អ៊ុងឡាំង ដែលជាប្រមុខរបបយោធាមីយ៉ាន់ម៉ាបច្ចុប្បន្ន ចេញពីកិច្ចប្រជុំកំពូល នាពេលខាងមុខនេះជុំវិញភាពមិនអើពើរបស់រាជរដ្ឋាភិបាល ឬយ៉ាងណា។

យោងតាមប្រភពការទូត បាននិយាយថា ប្រទេសប្រ៊ុយណេ ដែលបច្ចុប្បន្នជាប្រធានវេនរបស់កិច្ចប្រជុំកំពូលអាស៊ាន នឹងចេញសេចក្ដីថ្លែងការណ៍ពិសេសមួយនៅថ្ងៃសៅរ៍នេះ អំពីលទ្ធផលនៃកិច្ចប្រជុំជជែកវែកញែកពីប្រធានបទខាងលើនេះ៕

ប្រភព៖ CNA

Telegram-Troryorng
Share.