បន្ទាយមានជ័យ៖ ក្រុមអាជីវករលក់ដូរនៅផ្សារគុត្តសត ស្ថិតនៅភូមិយាង ឃុំគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាំគ្នាលើកឡើងថា អាជ្ញា ធរស្រុក ព្រោះតែចង់ឲ្យពួកគាត់ចេញពីកន្លែងលក់ចាស់ ទៅលក់នៅផ្សារឯកជនមួយកន្លែង បានប្រើប្រាស់គ្រឿងចក្រកាយផ្តាច់ផ្លូវសាធារណៈ បង្កការលំបាកដល់ការលក់ដូរបន្លែត្រីសាច់ ក្តាម ខ្យង តាមកញ្ចែងល្អី បន្តិចបន្តួចគ្រាន់ដោះស្រាយជីវភាពប្រចាំថ្ងៃចិញ្ចឹមជីវិតរបស់ពួកគាត់។

ក្រុមអាជីវករបានរៀបរាប់បន្តថា ចាប់តាំងពីផ្សារឯកជនផ្សារ (ផ្សារអូរជ្រៅ) ធ្វើហើយរយៈពេល03ឆ្នាំមកនេះ ពួកឈ្មួញបានសហការជាមួយនឹងអា ជ្ញាធរស្រុកអូរជ្រៅ តែងតែបញ្ចុះបញ្ចូលចង់ឲ្យពួកគាត់ទៅលក់ដូរនៅទីតាំងថ្មីនោះ ហើយពួកគាត់ក៏ធ្លាប់ទៅលក់តាមអាជ្ញាធរម្តងហើយដែរ តែលក់មិនដាច់ ថែមទាំងត្រូវបង់ថ្លៃតូបបន្ថែមទៀត លុះរត់មិនរួចក៏នាំគ្នាមកលក់នៅទីតាំងចាស់វិញ ដែលជាដីកម្មសិទ្ធិឯកជន ដែលម្ចាស់ដីអនុញ្ញាតឲ្យពួកគាត់លក់ដូរ ដោយមិនគិតថ្លៃ ព្រោះមើលឃើញថា ពលរដ្ឋក្រីក្រ លក់តាមកញ្ច្រែងល្អី គ្រាន់ដោះស្រាយជីវភាពប្រចាំថ្ងៃប៉ុណ្ណោះ។

ប្រជាពលរដ្ឋលើកដៃសំពះអង្វរសូមឲ្យ អាជ្ញារខេត្តបន្ទាយមានជ័យ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ជាពិសេសសូមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សូមជួយដោះស្រាយដល់ពួកគាត់ឲ្យបានលក់ដូរនៅទីតាំងចាស់ដដែល ដើម្បីគ្រាន់ដោះស្រាយជីវ ភាពរស់នៅប្រចាំថ្ងៃក្នុងវិបត្តិកូវីដ-19ផង ដោយសារគ្មានសមត្ថភាពបង់ថ្លៃតូបនៅផ្សារឯកជន ហើយនៅផ្សារឯកជនលក់ដូរមិនដាច់ដូចកន្លែងចាស់ ។

ដោយឡែក លោក ទូច សីហា អភិបាលរងស្រុកអូរជ្រៅ បានបញ្ជាក់តាមទូរសព្ទ កាលពីថ្ងៃទី14 ខែតុលា ឆ្នាំ2021 នេះថា ការកាយផ្តាច់ផ្លូវនេះ ដើម្បីកាយដាក់លូរំដោះទឹក និងធ្វើការរៀបចំអភិវឌ្ឍន៍នៅតំបន់នោះឲ្យមានរបៀបរៀបរយ និងមានអានាម័យបរិស្ថានល្អ។ ព្រោះប្រជាពលរដ្ឋដែលនៅសងខាង30ម៉ែត្រពីផ្លូវរថភ្លើង នៅចំណុចផ្សារខាងលើ សុទ្ធតែទទួលបានសំណងគោលនយោបាយរួចហើយ តែមិនព្រមរុះរើចេញ គិតតែពីសា ងសង់ តូបឃុបឃិតគ្នាលក់បន្តបន្ទាប់។ លោក ទូច សីហា បន្តថា នៅពេលដែលបុគ្គលដែលមានដីធំ គាត់គិតតែពីសាងសង់តូប បង្កើតផ្សារអនាធិ បតេយ្យ គ្មានច្បាប់ទំលាប់ គ្មានការគ្រប់គ្រងសំរាមអនាម័យបរិស្ថានឲ្យបានត្រឹមត្រូវ គិតតែយកភាស៊ីដាក់ក្នុងហោប៉ៅតែប៉ុណ្ណោះ៕

អត្ថបទ៖ ប៉ោយប៉ែត

Share.