នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០២១ នេះ​​តារា​កំប្លែងដ៏​ល្បី​មួយ​រូបនៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​អ្នក​នាង​ ស្រេង សុកាន់ដា ហៅ​ ស្រី​ខ្ញុង​ វ័យ​៣៧​ឆ្នាំ​ បានដាច់​ចិត្ត​​ចេញ​មក​ Live ផ្ទាល់​លើ​ផេក​របស់​ខ្លួន​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ប្រកាស​ថាពេល​នេះ​​ខ្លួន​ក្ស័យ​ធុនហើយ មាន​បំណុលជាប់​ខ្លួន​ និង​ចង់​មក​​ប្ដឹង​ខ្លួន​ឯង​ចូល​ទៅ​កាន់​តុលការ​។
អ្នក​នាង​ស្រីខ្ញុង​ ​ក្រោយ​បៀម​ទុក្ខ​អស់​រយៈ​ពេល​៣​ឆ្នាំ​ ពេល​នេះ​អ្នក​នាង​បាន​ដាច់​ចិត្ត​ទម្លាយ​ឱ្យ​មហាជន​​និង​អ្នក​គាំទ្រ​ បាន​ដឹង​​ហើយ​ថា​អ្នក​នាង​ជំពាក់​បំណុល​សរុបទាំង​ម្ចាស់​បំណុល​ខ្មែរ​និង​ជនជាតិ​ចិន​ជាង​៥៧​ម៉ឺន​ដុល្លារ​។
នៅ​ក្នុង​ការ​ Live នោះ​ អ្នក​នាង​បាន​រៀបរាប់​ថា​បំណុល​ដ៏​ច្រើន​មហាសាល​នេះ​​ផ្ដើម​ឡើង​ចេញ​ពី​ ​ការ​រកស៊ី​ដំបូង​របស់​ខ្លួន​ ហើយ​ខាត​ដើម​ខាត​ចុងធ្វើ​ឱ្យ​អ្នក​​នាង​​ដាច់​ចិត្ត​រក​ប្រាក់​មក​ទប់ទល់​​សង​គេ​ស្ងាត់​ៗ​​ និងលាក់​បាំង​ស្វាមី​ព្រោះ​ខ្លាច​ប្ដី​ដឹង​ខឹង​និងលែងលះខ្លួន ​ទើប​ធ្វើ​ឱ្យ​បំណុល​នេះ​កាន់​តែ​កើន​ឡើង​រហូត​រាប់​សិប​ម៉ឺន​ដុល្លារ​ មួយ​វិញ​ទៀត​បំណុល​នោះ​ក៏​កើត​ឡើង​ពី​ការ​លេងតុងទីន​​ត្រូវ​គេ​បោក​ប្រាស់​និង​រត់​ចោល​ការ​បង់​ផង​ដែរ។
ងាក​​មក​ការ​ជំពាក់​ប្រាក់​ច្រើន​ឡើង​ៗ​ តាំង​ពី​តិច​រហូត​ដល់​ច្រើន​នេះ​ព្រោះ​តែ​អ្នក​នាង ​ស្រលាញ់​មុខ​មាត់​ស្រលាញ់​ កិត្តិយសពេក​ ទើប​ធ្វើ​ឱ្យ​អ្នក​នាង​ព្យាយាម​លាក់បាំង មិន​ប្រាប់​ឱ្យអ្នក​ណា​បាន​ដឹង​ សុខ​ចិត្ត​បៀម​ទុក្ខ​តែ​ម្នាក់​ឯង រហូត​មក​ដល់​ពេល​នេះ​ទប់​លែង​ជាប់​ទើប​អ្នក​នាង​ដាច់​ចិត្ត​ចេញ​មក​ទម្លាយការពិត​និង​អំពាវនាវសុំ​ការ​​យោគយល់​អធ្យាស្រ័យ​ពី​ម្ចាស់​បំណុល​ទាំង​អស់​ទុក​ឱកាស​ឱ្យ​អ្នក​នាង​ដកដង្ហើម​និង​បាន​រក​ប្រាក់​សង​បណ្ដើរ​ៗ អ្នក​នាង​សន្យា​ថា​អ្នក​នាង​មិន​រត់​ចោល​ការ​ទទួល​ខុស​ត្រូវ​ជា​ដាច់​ខាត ប៉ុន្តែ​បើ​សិន​ជា​ម្ចាស់​បំណុល​ទាំង​អស់​មិ​ន​យល់​ស្រប​ហើយ​ចង់​ប្ដឹង​អ្នក​នាង​ចូល​ពន្ធ​នាគារ​ក៏​អ្នក​នាង​ មិន​ប្រកែក​តវ៉ាដែរ គឺ​អ្នក​នាង​សុខ​ចិត្ត​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​។
អ្នកនាង​ខ្ញុង បាន​សុំ​អង្វរករ​ដែរ​ថា បើ​សិន​អ្នក​នាង​មាន​រឿង​អ្វី​កើត​ឡើង​ អ្នកនាង​សុំ​ការ​ចិត្ត​សុំ​ឱ្យ​បងប្អូនដែល​ស្រលាញ់​និង​អាណិត​អ្នកនាង​ មេត្តា​ជួយ​ឧបត្ថម្ភ​ដល់​កូន​អ្នក​នាង​ម្នាក់​មួយ​ដុល្លារ​ផង​ ដើម្បី​ឱ្យ​កូន​តូច​អ្នក​នាង​មាន​ទឹកដោះ​គោបៅ និង​កូន​ច្បង​បាន​រៀន​សូត្រ​​បន្ត​ផង​។
សម្រាប់​បំណុល​របស់​អ្នក​នាង ស្រេង សុកាន់​ដា​នេះ​ត្រូវ​បាន​អ្នក​នាង​លាក់​ជិត​មិន​ឱ្យ​ស្វាមី​លោក​កៃដបាន​ដឹង​នោះ​ឡើយ​ រហូត​ដល់​ពេល​ស្វាមី​បាន​ដឹង​រឿង​គ្រប់​យ៉ាង​បាន​ហួស​មិន​អាច​កែច្នៃ​​​បាន​នោះ​។
ខណៈ​ដែល​ផ្ទះនិង​ឡាន របស់​អ្នក​នាង​សុទ្ធតែ​បង់​រំលោះប៉ុណ្ណោះ​ និយាយ​សរុប​រួម​ក្នុង​មួយ​ខែៗ​អ្នក​នាង​បង់​ការ​ប្រាក់​វិញ​ជាង​៤​ម៉ឺន​ដុល្លារ​អាមេរិក ដូច្នេះ​ទោះ​ជា​អ្នក​នាង​រក​ស៊ី​​ចំណេញ​​ប៉ុណ្ណា​ក៏​មិន​អាច​ទប់​ជាប់​ដែរ​។
Telegram-Troryorng
Share.