លោក ទេព រិទ្ធីវិត ជាមួយ​កីឡាករ ឡុង សំនៀង

ក្រុម​​វាយ​កូន​បាល់​ជម្រើស​ជាតិ​កម្ពុជា បាន​យក​ឈ្នះ​​ក្រុម​យេមែន ក្នុង​ប្រកួត​បើក​ឆាក​ពូល C នៃ​ពានរង្វាន់​​វាយ​​កូន​បាល់​អន្តរជាតិ​ប្រចាំ​ទ្វីប​អាស៊ី​និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក Davis Cup 2021 កម្រិត​ទី៤ (Asia/Oceania Group IV) ឪ​នៅ​ទីលាន Bahrain Tennis Federation Courts ក្នុង​​ទីក្រុង Isa Town ប្រទេស​បារ៉ែន។

ក្រុម​ជម្រើស​ជាតិ​វាយ​កូនបាល់​កម្ពុជា ស្ថិត​ក្នុង​ពូល​ C ជាមួយ​ក្រុម​ជម្រើស​ជាតិ​អ៊ីរ៉ង់,​គីជីស្ថាន និង​យេមែន ខណៈ​ពូល A មាន​អារ៉ាប់រួម, អារ៉ាប៊ីសាអ៊ូឌីត,​ម្ចាស់​ផ្ទះ​បារែន និង​ហ្គាម ខណៈ​ពូល B មាន​ទួរមេនីស្ថាន,​អូម៉ង់,​ម៉ុងហ្គោលី និង​អ៊ីរ៉ាក់។ ក្រុម​​តាម​ពូល​​នីមួយៗ​ត្រូវ​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ ហើយ​ក្រុម​ដែល​មាន​ចំណាត់​ថ្នាក់​លេខ​​១​និង​លេខ២ មាន​ឈ្មោះ​ឡើង​ទៅ​ប្រកួត​ជម្រុះ​​ដើម្បី​រក​ក្រុម​ខ្លាំង​ចំនួន​៣​ឡើង​ទៅ​លេង Asia/Oceania Group III។

ជ័យជម្នះ​របស់​កម្ពុជា លើ​ក្រុម​យេមែន ក្នុង​លទ្ធផល ៣​ប្រកួត​ទល់​០៖
ប្រកួត​ទី១៖ ឡុង សំនៀង ឈ្នះ Nawras Hussein ៦-២,៦-៤ (១:៣៣​នាទី)
ប្រកួត​ទី២៖ ប៊ុន កេន្នី ឈ្នះ Halil Sallam ៦-០,៦-១ (០:៥០​នាទី)
ប្រកួត​ទី៣៖ ឃ្លាំង ពន្លង / ទេព ធីម៉ូធី ឈ្នះ Nawras Hussein / Halil Sallam ៦-១,៦-០ (០:៤៧​នាទី)

សម្រាប់​ការ​​ប្រកួត​បន្ទាប់​ក្នុង​ពូល C របស់​​កម្ពុជា ត្រូវ​ជួប​ក្រុម​គីជីស្ថាន នៅ​ល្ងាច​ថ្ងៃ​អង្គារ នេះ ខណៈ​ប្រកួត​ចុងក្រោយ​ប៉ះ​អ៊ីរ៉ង់ ខណៈ​ការ​ប្រកួត​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី១៨ ដល់​២៣ ខែ​តុលា ឆ្នាំ​២០២១។

ក្រុម​វាយ​កូនបាល់​របស់​កម្ពុជា ធ្លាប់​មាន​ឈ្មោះ​ឡើង​ទៅ​លេង​កម្រិត​ Asia/Oceania Group III បាន​​បាន​ប៉ុន្មាន​ឆ្នាំ​គឺ​ចន្លោះ​ឆ្នាំ​២០១៣ ​ដល់​ឆ្នាំ​​២០១៦ ទើប​ធ្លាក់​ចេញ​ទៅ Asia/Oceania Group IV វិញ​មក​ទល់​សព្វ​ថ្ងៃ៕

Telegram-Troryorng
Share.