ក្រុមជួយសង្រ្គោះសហរដ្ឋអាមេរិកបានឲ្យដឹងថា មនុស្ស ២១នាក់នៅលើយន្ដហោះដែលបានធ្លាក់នោះ ត្រូវបានជួយសង្រ្គោះទាំងអស់ ហើយមានតែម្នាក់ប៉ុណ្ណោះរងរបួស។

ក្រុមមន្ត្រីបាននិយាយថា មិនមានអ្នកណារងរបួសធ្ងន់ក្នុងហេតុការណ៍ធ្លាក់យន្ដហោះដឹកអ្នកដំណើរជាង ២០នាក់នេះឡើយ ខណៈដែលយន្ដហោះនេះបានហោះបុករបង ហើយបានឆាបឆេះយ៉ាងសន្ធោសន្ធៅពេលចាប់ផ្ដើមហោះហើរ ក្នុងព្រលានយន្ដហោះអន្តរជាតិក្នុងទីក្រុង ហ៊ូស្ដុន។

អ្នកដំណើរ និង ក្រុមនាវិក ទាំងអស់បានចាកចេញពីយន្ដហោះដោយសុវត្ថិភាព ប៉ុន្ដែមានមនុស្ស ១នាក់រងរបួសស្រាល មុនពេលដែលក្រុមអ្នកពន្លត់អគ្គីភ៏យមិនទាន់បានទៅដល់កន្លែងកើតហេតុ។ ជាមួយគ្នាអ្នកនាំពាក្យនាយកដ្ឋានសុវត្ថិភាពសាធារណៈរដ្ឋតិចសាស់ ប្រចាំទីក្រុង ហ៊ូស្ដុន លោក ស្ទេហ្វេន វ៉ូដាត បាននិយាយប្រាប់អ្នកយកព័ត៌មាននៅកន្លែងកើតហេតុថា នេះគឺជា ថ្ងៃល្អ នេះពិតជាថ្ងៃអបអរសាទររបស់មនុស្សជាច្រើន។

ចំណែករដ្ឋបាលអាកាសចរណ៍សហព័ន្ធ FAA បាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា យន្ដហោះ MD-87 បានរំកិលទៅក្បែររបង ហើយឆេះធ្លាក់នៅទីវាលក្បែរនោះ បន្ទាប់ពីយន្ដហោះនេះត្រៀមហោះចេញដំណើរពីអាកាសយានដ្ឋានចម្ងាយ ១៥២ម៉ែត្រ ប៉ុណ្ណោះ។

ហេតុការណ៍ឆាបឆេះយន្ដហោះនេះ​ ពិតជាមហាសំណាងមែន ព្រោះអ្នកដំណើររួមទាំងក្រុមនាវិកទាំងអស់ មិនមានអ្នកណាជួបគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬ បាត់បង់ជីវិតឡើយ៕

ប្រភព៖ CNN

Telegram-Troryorng
Share.