តុលាការប្រទេសចិនបានសម្រេចដាក់ទោសអ្នកពាក់ព័ន្ធសរុបចំនួន ២០នាក់ ដាក់ពន្ធនាគារ ចាប់ពី ២ឆ្នាំ​ដល់ ២០ឆ្នាំ នៅក្នុងករណីរលំអគារផ្ទុកអ្នកធ្វើចត្តាឡីស័ក កាលពីឆ្នាំ ២០២០ ដោយបានផ្ដាច់ជីវិតមនសុ្ស ២៩នាក់ និង មនុស្ស ៥០នាក់ផ្សេងទៀតរងរបួស។​​

កាលពីខែមីនា ឆ្នាំ ២០២១ អគារសណ្ឋាគារដែលមានឈ្មោះថា ស៊ីនជា ជាកន្លែងទទួលអ្នកធ្វើចត្តាឡីស័ក ស្ថិតក្នុងទីក្រុង ក្វានចូវ ភាគខាងត្បូងប្រទេសចិន បានបាក់រលំទាំងយប់ទាំងដែលអគារនោះមានអ្នកស្នាក់នៅថែមទៀតផង។ ការបាក់រលំនេះ ត្រូវបានគេស្តីបន្ទោសទៅលើគុណភាពសំណង់ និងការភូតកុហកអំពីគុណភាពពីសំណាក់ម្ចាស់អគារ ខណៈមនុស្សជាច្រើននាក់ទៀត សុទ្ធតែបានជាប់ពាក់ព័ន្ធនៅក្នុងករណីដ៏រសើបនេះ។

នៅក្នុងចំណោមអ្នកដែលត្រូវបានផ្តន្ទាទោសទាំង ២០នាក់ខាងលើនេះ ម្ចាស់អគារឈ្មោះ យ៉ាង ជីឈាង បានទទួលទោសធ្ងន់ជាងគេ ដោយត្រូវជាប់ពន្ធនាគាររហូតដល់ទៅ ២០ឆ្នាំ ខណៈ ១២នាក់ទៀតត្រូវជាប់ពន្ធនាគារចាប់ពី ២ឆ្នាំកន្លះ ដល់ ១៣ឆ្នាំ។ ដោយឡែក ៧នាក់ផ្សេងទៀត គឺជាមន្ត្រីសាធារណៈដែលបានឃុបគិតគ្នា ក្នុងការអនុញ្ញាតឲ្យច្បាប់សាងសង់អគារខុសច្បាប់ ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារចាប់ពី២ឆ្នាំ ដល់៦ឆ្នាំ។​

ចំពោះករណីបាក់រលំអគារនេះ បានធ្វើឲ្យរដ្ឋាភិបាលចិនគិតគូរកាន់តែខ្លាំងអំពីការរឹតបន្ដឹងច្បាប់សាងសង់អគារ តាមរយៈការកំណត់ជាន់ និង កម្ពស់ ជាពិសេសគឺការសុំច្បាប់អនុញ្ញាតយ៉ាងច្បាស់លាស់បំផុត ពីអាជ្ញាធរគ្រប់ជាន់ថ្នាក់នៅគ្រប់ខេត្ត ក្រុងទូទាំងប្រទេសផងដែរ៕

ប្រភព៖​ Global Times

Telegram-Troryorng
Share.