មានចម្ងល់ច្រើនពាក់ព័ន្ធនឹងទម្រង់នៃរូបរាង និងឈ្មោះ«បរិមណ្ឌលបន្ទាយស្រី» ដែលត្រូវ បានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ទាក់ទងទៅនឹងបញ្ហានេះលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយមានជ័យតាមរយៈទំព័រ ហ្វេសប៊ុកផ្លូវការរបស់លោកបានពន្យល់ដូចតទៅ៖

ពាក្យ“បរិមណ្ឌល”គឺជាពាក្យដែលមានស្រាប់រួចទៅហើយនៅក្នុងវចនានុក្រមសម្តេចសង្ឃ ជួន ណាត ហើយមានន័យថា”រង្វង់មូល”នោះឯង គ្រាន់តែយើងមិនសូវបានយកពាក្យនេះមកប្រើ តែប៉ុណ្ណោះ។ ចំណែកឯរូបរាងនៃសួនវិញ ត្រូវបានយកទម្រង់តាម«យ័ន្តរូបផ្កាឈូក»(Padma Mandala) មានទាំងអស់បីស្រទាប់ រចនាជា៤ត្របកខាងក្នុង រីកចេញជា៨ត្របកនៅកណ្តាល និងរីកជា១៦ត្របកទៀតនៅផ្នែកខាងក្រៅ ដែលមានបង្កប់នូវអត្ថន័យជ្រាលជ្រៅពី អត្តសញ្ញាណខ្មែរ និងព្រះពុទ្ធសាសនា។

លោកសាស្ត្រាចារ្យ អ៊ឹម សុខរិទ្ធី ដែលជាបុរាណវិទូ និងជាប្រធាននាយកដ្ឋានអភិរក្សនៃ អាជ្ញាធរជាតិអប្សរា បានលើកឡើងថា៖ ផ្កាឈូក(បទុម) គឺជានិមិត្តរូបនៃភាពបរិសុទ្ធ និងភាព ជ្រះថ្លា ដែលរីកជាស្រទាប់ៗផ្តើមចេញពីចំណុចកណ្តាល ប្រៀបបានទៅនឹង ដំណើរវិវត្តន៍ បន្តិចម្តងៗនៃជីវិតរបស់មនុស្សយ៉ាងដូច្នេះដែរ។ ចំណែកឯ”យ័ន្ត”វិញ គឺជារបាំង ឬគ្រឿង ការពារ រារាំងសត្រូវ និងភាពអន្តរាយផ្សេងៗ ដែលគូសចេញប្រទាក់ឆ្វាក់គ្នាជារាងក្រទ្បា តំណាងឲ្យឋាមពលចក្រវាលនៅលើផែនដី ដែលមនុស្សជឿថាជាទីវិសិដ្ឋបំផុត។

“យ័ន្តផ្កាឈូក”តែងមានឆ្លាក់នៅលើថ្មទោល និងនៅលើចម្លាក់លម្អតាមស៊ុមទ្វារចូលប្រាសាទ មួយចំនួន ដែលបានសាងសង់ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ អ្វីដែលពិសេសបំផុតនោះគឺ ប្លង់បាតនៃជាន់កណ្តាលរបស់ប្រាសាទបាយ័ន គឺជារាងយ័ន្តផ្កាឈូកក្នុងទម្រង់បីស្រទាប់ ដូចដែលបានយកមករៀបចំជាសួនច្បារដ៏ធំនេះតែម្តង។

ត្របកទាំង៤ខាងក្នុង មានទាក់ទងនឹងតុល្យភាពនៃខ្លួនប្រាណមនុស្សរវាងធាតុទឹក ដី ភ្លើង និងខ្យល់ ហើយក៏តំណាងឱ្យរដ្តទាំង៤នៃដំណើរជីវិតមនុស្សដែរគឺ៖ កើត ចាស់ ឈឺ និងស្លាប់។ ក្នុងផ្លូវធម៌វិញ លេខ៤នេះតំណាងឲ្យព្រហ្មវិហារធម៌ មេត្តា ករុណា មុទិតា និងឧបេក្ខា។ ចំពោះលេខ៨ គឺជាធម្មចក្រ(កង់) ដែលមានកាំប្រាំបី តំណាងឱ្យអដ្ឋង្គិកមគ្គ ឬអរិយមគ្គទាំងប្រាំបី (Noble Eightfold Path) ដែលជាវិថីឆ្ពោះទៅរកការរួចផុតទុក្ខ។ រីឯលេខ១៦ គឺសំដៅដល់ព្រះអរហន្ត ដែលជាសាវ័កឆ្នើមទាំង១៦អង្គរបស់ព្រះពុទ្ធជាម្ចាស់៕

Share.