កំពង់ធំ៖ ប្រភពព័ត៍មានពីប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងថា ជារៀងរាល់ឆ្នាំមហាជនសង្កេតឃើញ នាយសង្កាត់រដ្ឋបាលជលផលឃុំពាមបាង មិនហ៊ានបង្ក្រាបបទល្មើសនេសាទទេ ព្រោះប្រពន្ធខ្លួនបានទៅឈរជើងនៅទីស្នាក់ការរបស់ខ្លួន គឺដើម្បីទិញត្រីពីបទល្មើសនេសាទរាប់ឆ្នាំមកហើយ ។

ប្រភពបានបន្តទៀតថា ចំណែកលោក ផាន់ សុផុន ដែលជាមេស្នាក់ការបរិស្ថានឈរជើងជាមួយលោកហុកមុន នៅក្នុងភូមិសាស្ត្រភូមិ បាឡត ឃុំ ពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ល្បីខាងកាងបទល្មើសនេសាទគ្រប់រូបភាព ហើយនិងដើរប្រមូលលុយពីបទល្មើសនេសាទ រាប់ឆ្នាំមកហើយដែលគេសង្កេតឃើញមន្រ្តីនៅទីនោះបានដើរសម្របសម្រួលយកសេវា ថ្លៃរត់ការដាក់បទល្មើសនៅគ្រប់កន្លែង។

ប្រជាពលរដ្ឋសូមសំណូមពរទៅគណៈបញ្ជាការឯកភាពខេត្តកំពង់ធំ ជាពិសេសឯកឧត្តម ងួន រតនៈ ដែលឯកឧត្តមទើបតែផ្លាស់ប្ដូរមកកាន់ ខេត្ត កំ ពង់ធំថ្មី សូមឯកឧត្តមមេត្តាជួយរំដោះមច្ឆាជាតិ ដែលមន្ត្រីជំនាញ និងសមត្ថកិច្ចឈរជើងនៅតំបន់នោះកំពុងតែឃុបឃិតគ្នា បំផ្លាញមច្ឆាជាតិទាំងតូចធំ ស្ទើរដាច់ពូជហើយ ។

ប្រភពព័ត៌មានពីបងប្អូនដែលរស់នៅផ្ទះបណ្ដែតទឹកលើផ្ទៃបឹងទន្លេសាបពួកគាត់បានខ្សឹបប្រាប់ថា សកម្មភាពពុករលួយនេះ.កើតឡើងយូរមកហើយ
ក៏ប៉ុន្តែថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ ចេះតែមើលរំលងនឹងណ្តែតបណ្តោយអោយមន្ត្រីទាំងនោះ.រួមដៃគ្នាបំផ្លាញធនធានមច្ឆាជាតិជារៀងឆ្នាំ ជាក់ស្ដែងរបាំងស្បៃមុងពណ៍ខៀវ ក្រហម ណូរ៉ាវ ឆក់ត្រជាក់ឆក់ក្ដៅ មានគ្រប់រូបភាពតែមិនដែលឃើញការបង្ក្រាបនោះឲ្យមានប្រសិទ្ធភាពទេនៅពេលដែលអ្នកសារព័ត៌មានធ្វើបទសម្ភាសន៍មន្ត្រីទាំងនោះតែងតែឆ្លើយដាក់ថា ប្រជាពលរដ្ឋក៏ប៉ុន្តែយកលុយពីប្រជាពលរដ្ឋជាថ្នូររួមគំនិតគ្នាមិនបង្ក្រាបបំផ្លាញមច្ឆាជាតិផ្តាច់ពូជ។

ជាក់ស្តែងនៅក្នុងឆ្នាំ 2021 នេះមច្ឆាជាតិមានការថយចុះយ៉ាងខ្លាំងសូម្បីតែចាប់ពីមាត់បឹងព្រៃមកដល់ខាងលើគ្មានត្រីណាឡើងមករួចទេដោយសារ​តែ ការនេសាទខុសច្បាប់ដាក់ណែនណាប់យ៉ាងអនាធិបតេយ្យ រីកដូចផ្សិត ជាច្រើនជាន់ធ្វើឲ្យមច្ឆាជាតិធ្វើចរាចរណ៍តាមផ្លូវទឹកមិនរួចឡើយ ។

ពាក់ព័ន្ធជាមួយករណីខាងលើនេះ អ្នកសារព័ត៌មានយើងបានព្យាយាមទូរស័ព្ទទៅសម្ភាសន៍មន្ត្រីដែលពាក់ព័ន្ធនៅទីនោះដែរ តែទូរស័ព្ទចូលហើយក៏គ្មានអ្នកលើក៕

Share.