ពោធិ៍សាត់៖ នគរបាលស្រុកកណ្ដៀង បានចាប់ខ្លួនកូនអត្តញ្ញូម្នាក់ ដែលបង្ករឿងដោយគ្មានមូលហេតុទាញពូថៅកាប់ក្បាលម្ដាយបណ្ដាលឱ្យហូរឈាមស្រោចខ្លួនរបួសដេររហូតដល់4 ថ្នេរ។ ហេតុការណ៍នេះកើតឡើង ក្នុងភូមិទួលលៀប ឃុំត្នោតជុំស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅវេលាម៉ោង3 និង 10 នាទីរសៀលថ្ងៃទី 21 ខែតុលាឆ្នាំ 2021។

អធិការនគរបាលស្រុកកណ្ដៀង លោកអ៊ុនស៊ី ប្រាប់ឲ្យដឹងថា ជនបង្កជាកូនឈ្មោះ ឡេអែល ប្រុសអាយុ 29ឆ្នាំ រីឯស្ត្រីជាម្ដាយរងគ្រោះឈ្មោះលីម៉ារី អាយុ 53 ឆ្នាំជនជាតិខ្មែរអ៊ីស្លាមរស់នៅក្នុងភូមិកណ្ដាលឃុំកញ្ជរស្រុកកណ្ដៀងខេត្តពោធិ៍សាត់។

លោកអធិការបញ្ជាក់ឲ្យដឹងថា ជនសង្ស័យជាប់ត្រូវបានសមត្ថកិច្ចចាប់បញ្ជូនយកទៅដាក់មណ្ឌលកែប្រែម្ដងរួចមកហើយ ដោយសារតែករណីបង្ករឿងប្រើហិង្សាក្នុងគ្រួសារគ្មានហេតុផល លុះដល់ចេញមកវិញនៅមិនព្រមកែខ្លួនរហូតដល់ហ៊ានលើកពូថៅកាប់ក្បាលម្ដាយខ្លួនរាំរបួសដេរ 4ថ្នេរថែមទៀតរត់គេចខ្លួនបានមួយរយៈខ្លី ទើបសមត្ថកិច្ចតាមចាប់ខ្លួនបាន។

ប្រភពដដែលបន្ថែមថា ចំពោះជនបង្កមិនមានជាប់ពាក់ព័ន្ធមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ឬផឹកស្រាស្រវឹងអ្វីឡើយនៅពេលដែលបង្ករឿងម្ដងៗ ដោយលោកបានសន្និដ្ឋានថាអាចកើតជំងឺសរសៃប្រសាទ ប៉ុន្តែមិនមានលិខិតបញ្ជាក់ពីពេទ្យឡើយ ដូច្នេះសមត្ថកិច្ចបានបញ្ជូនមកអធិការរដ្ឋាននគរបាល ដើម្បីរៀបចំនីតិវិធីបន្ត៕

Share.