អាជ្ញាធរគ្រប់គ្រងវត្ថុបុរាណអ៊ីស្រាអែលបានឲ្យដឹងថា អ្នកមុជទឹកម្នាក់បានប្រទះឃើញដាវបុរាណអាយុកាលរាប់រយឆ្នាំ នៅបាតសមុទ្រភាគខាងជើងប្រទេសអ៊ីស្រាអែល។

លោក ស្លូមី កាតហ្សីន ជាអ្នកមុជទឹកដែលប្រទះឃើញដាវបុរាណនេះបានឲ្យដឹងថា ដាវនេះមានប្រវែង ១ម៉ែត្រ ហើយលោកបានរកឃើញវាកប់នៅបាតសមុទ្រដោយមានសំបកខ្យង គ្រុម និងជីវៈចំរុះផ្សេងៗទៀត តោងកាន់ស្លែទៅហើយ មិនតែប៉ុណ្ណោះលោកក៏បានប្រទះឃើញវត្ថុប្លែកៗជាច្រើនទៀតនៅបាតសមុទ្រផងដែរ។ នៅពេលដែលលោកបាននាំយកដាវបុរាណនេះឡើងមកលើគោក លោកបានប្រគល់ដាវបុរាណនេះទៅឲ្យនាយកដ្ឋានគ្រប់គ្រងសម្បត្តិជាតិ ដើម្បីសម្អាត និង រក្សាទុកជាវត្ថុបុរាណដ៏មានតម្លៃ។

ដោយឡែកមន្ត្រីអធិការដ្ឋាននៃអង្គភាពការពារចោរកម្មរបស់អាជ្ញាធរគ្រប់គ្រងវត្ថុបុរាណអ៊ីស្រាអែលបានប្រាប់កាសែត ដឹ ថាម អ័ហ្វ អ៊ីស្រាអែល (The Times of Israel) ថា ដាវបុរាណនេះនឹងត្រូវបានរក្សាទុកយ៉ាងល្អឥតខ្ចោះ និង ត្រៀមដាក់តាំងបង្ហាញជាសាធារណៈបន្ទាប់ពីសម្អាតដោយក្រុមអ្នកជំនាញ៕

ប្រភព៖ ODD News

Telegram-Troryorng
Share.