សម្រាប់​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក​ដែល​តម្រូវ​ឱ្យ​ព្រះរាជបុត្រា​ជា​អ្នក​ស្នង​បល្ល័ង្ក​ប៉ុន្តែ​ក៏​មាន​ប្រទេស​មួយ​ចំនួន​បាន​កែប្រែ​ច្បាប់​ដោយ​អនុញ្ញាត​ឱ្យ​ព្រះនាងម្ចាស់​អាច​ស្នង​ព្រះរាជបល្ល័ង្ក​បន្ត​ពី​ព្រះបិតា​បាន​​ដូច​គ្នា​។ ថ្ងៃនេះ​ត្រយង​សូម​ណែនាំ​ ព្រះនាង​ម្ចាស់​តូច​ Leonor ឬ Leonor de Todos los Santos de Borbón y Ortiz អនាគត​ក្សត្រី​នៃ​ប្រទេស​អេស្ប៉ាញ ដែល​មាន​ព្រះឆោមលោមពណ៌​ល្អល្អះ​ ស្រស់​ស្អាត​ទាក់ភ្នែក​ដែល​បាន​ឃើញ​ទ្រង់​គ្រប់ៗ​គ្នា​ ដូច្នេះ​ហើយ​ព្រះកិត្តិយស​របស់​អនាគត​ក្សត្រី​តូច​នេះ​ មាន​ភាព​ល្បីល្បាញ​ខ្លាំង​មិន​ចាញ់​បណ្ដាតារា​ល្បី​ៗ​នៅ​លើ​ពិភពលោក​​​នោះ​ឡើយ​

ព្រះនាង​ម្ចាស់​តូច​ Leonor កើត​នៅ​ថ្ងៃ​ទី​៣១​ តុលា ឆ្នាំ​២០០៥ បច្ចុប្បន្ន​មាន​ព្រះជន្ម ១៦​ព្រះវស្សា ទ្រង់​ជា​ព្រះបុត្រី​ច្បង​របស់​ស្ដេច Felipe VI និង​ម្ចាស់​ក្សត្រី​ Letizia ព្រះនាង​មាន​ម្ចាស់​ប្អូ​ន​មួយ​អង្គ​ទៀត​មាន​វ័យ​ប្អូន​ទ្រង់ ​២​ព្រះ​វស្សា​គឺ​ព្រះនាងម្ចាស់​ Infanta Sofia។ សព្វ​ថ្ងៃ​ព្រះនាង​ម្ចាស់​​បាន​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​ Wale ​កាល​ពី​ខែសីហា ទើប​តែ​ពីរ​ថ្ងៃ​មុន​នេះ​ប៉ុណ្ណោះ​ដែល​ទ្រង់​បាន​ត្រលប់​មក​មាតុប្រទេស​ដើម្បីសួរសុខទុក្ខ​ព្រះ​មាតា​និង​ព្រះបិតា​។

មនុស្ស​ភាគ​ច្រើន​បាន​និយាយ​ថា​ទ្រង់​កើត​នៅ​ក្នុង​បរមរាជវាំង ប៉ុន្តែ​ជីវិត​របស់​ទ្រង់​បែរ​ជា​គួរ​ឱ្យ​អាណិត​ជា​ពន់ពេក​ ព្រោះ​ទ្រង់​ត្រូវ​ស្ពាយ​សម្ពាយ​​មហាធ្ងន់​តាំង​ពី​ព្រះជន្ម​នៅ​ក្មេង​ ខណៈ​ព្រះមាតា​របស់​ទ្រង់​មាន​ភាពតឹងតែង​យ៉ាង​ខ្លាំង​ចំពោះ​ទ្រង់​។ ព្រះនាង​ Leonor និង​ម្ចាស់​ប្អូន​ទៅ​សាលា​រៀន​តែ​មិន​អាច​លេង​ជាមួយ​មិត្ត​ភក្ដិដូច​ជា​ក្មេង​ដទៃ​ មិន​អាច​ទទួល​អំណោយ ហើយ​ទ្រង់​ក៏​មិន​អាច​លេង​ទូរស័ព្ទ​ឬ​មើល​ទូរទស្សន៍​កម្សាន្ត​ដូច​ជា​ក្មេង​ដទៃ​ទៀត​ដែរ​។

ឆ្វេង​ដៃ​ (ព្រះនាង​តូច Leonor)

សាលា​ដែល​ទ្រង់​រៀន​មិន​ពេញ​ចិត្ត​ជា​ខ្លាំង​ដែល​ម្ចាស់​ក្សត្រី​ Letizia បញ្ជា​ឱ្យ​សាលា​ប្ដូរ​មុខ​ម្ហូប​សម្រាប់​សិស្ស​មក​ជា​បន្លែ​និង​ត្រីទាំង​អស់​ ពួក​គេ​បាន​យក​រឿង​នេះ​ទៅ​ប្ដឹង​និង​ទូល​ថ្វាយ​ស្ដេច Felipe VI តែ​នៅ​ពេល​និយាយ​ដល់​រឿង​ព្រះ​បិតា ព្រះ​អង្គ​បាន​តែ​នៅ​ស្ងៀម​ទុក​ឱ្យ​ព្រះមហេសី​ជា​អ្នក​ចាត់​ចែង​ដដែល​។ យ៉ាងណា​មិញ​បើប្រៀប​ជា​ម្ចាស់ប្អូន​របស់ព្រះនាងម្ចាស់​ ព្រះ​នាង​តូច​ Infanta Sofia អាច​លេង​សើច​ធ្វើ​ចរិត​ដូច​ជា​ក្មេង​ស្រី​ទូទៅ​ មិន​ចាំ​បាច់​ខ្វាយខ្វល់​ឬ​រៀបចំ​ខ្លួនឱ្យ​ធំជាងវ័យ​ដើម្បី​ត្រៀម​ខ្លួន​ធ្វើ​ជា​ក្សត្រី​នោះ​ តែ​ព្រះ​នាង​ Leonor ត្រូវ​តែ​ប្រយ័ត្នប្រយែង​គ្រប់​វិនាទី ទ្រង់​មិន​អាច​ធ្វើ​ឱ្យ​កើត​មាន​កំហុស​ណាមួយ​ដែល​ធ្វើ​ឱ្យ​ល្អក់កករ​ដល់​ទឹក​ចិត្ត​ប្រជានុរាស្ត្រ​ប្រទេស​អេស្ប៉ាញ​នោះ​ឡើយ​ ព្រោះ​ទ្រង់​គឺជា​អនាគត​អ្នក​គ្រប់​គ្រង​ដែនដី​មួយ​នេះ​។

​រំលឹក​ឡើង​វិញ​ ចាប់​តាំង​ពី​បើក​ព្រះនេត្រ​ឃើញ​ពិភពលោក​និង​ធំ​ដឹងក្ដី​ ព្រះនាងតូចត្រូវ​ទទួល​អំរែក​ជា​អ្នក​ស្ដារ​រាជវង្សអេស្ប៉ាញ​ ដែល​កំពុង​បាត់​បង់​ប្រជាប្រិយភាព​ដោយ​សារ​តែ​អតីត​ស្ដេច​អេស្ប៉ាញ​សម្បូរ​ស្រីស្នេហ៍​និង​កូន​ក្រៅ​បរមរាជវាំង​ច្រើន​សន្ធឹកសន្ធាប់​​ ចំណែក​ព្រះកន្និដារ​របស់​ព្រះ​បិតា​ព្រះ​នាង​មាន​ជាប់ពាក់ព័ន្ធ​​នឹង​រឿង​អាស្រូវ​​មិន​បង់​ពន្ធ​ចូល​រដ្ឋ​។ ប៉ុន្តែ​វត្តមាន​របស់​ព្រះនាង​ដ៏​គួរ​ឱ្យស្រលាញ់​រូប​នេះ​នៅ​លើ​ផែនដី​ បាន​ធ្វើ​ឱ្យ​បេះដូងប្រជា​រាស្ត្រ​អេស្ប៉ាញ​ទន់​ចិត្ត​ហើយ​គោរពស្រលាញ់​ព្រះនាងម្ចាស់​តូច​ដ៏​បរិសុទ្ធ​រូប​អស់​ពី​ដួង​ចិត្ត​។

ឆ្វេង​ដៃ​ (ព្រះនាង​តូច Leonor)

ថ្វី​ត្បិត​តែ​ព្រះ​នាង​ម្ចាស់​តូច​ Leonor គឺជា​បេះដូង​នៃ​ប្រជារាស្ត្រ​អេស្ប៉ាញ ប៉ុន្តែ​ក៏​មាន​អ្នក​ខ្លះ​សម្ដែង​ការ​​មិន​ពេញ​ចិត្ត​ចំពោះ​ព្រះ​មាតា​ទ្រង់​ដែល​តឹងរឹង​ហួសហេតុ​ចំពោះ​ទ្រង់​ យ៉ាង​ណា​មិញ​ក៏​មាន​មតិ​​មួយ​ចំនួន​បាន​លើក​មក​បង្ហាញ​ពី​ច្បាប់​ដ៏តឹងរឹង​នេះ​​ថា​ ដោយ​សារ​ម្ចាស់​ក្សត្រី​ Letizia មិន​មែន​កើត​ចេញ​ពី​ព្រះរាជវង្ស​ មុន​អភិសេក​ជាមួយ​ស្ដេច​ Felip VI ទ្រង់​គ្រាន់​តែ​ជា​អ្នក​កាសែត​ម្នាក់​ប៉ុណ្ណោះ​ដូច្នេះ​ទ្រង់​ទទួល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ ហើយ​នេះ​គឺ​ជា​មូលហេតុ​ដែល​ទ្រង់​ព្យាយាម​ធ្វើ​យ៉ាង​ណា​កុំឱ្យ​បុត្រី​ទាំងពីរ​របស់​ទ្រង់​រងគ្រោះ​ដូច​ទ្រង់​ តាម​រយៈ​ការ​បង្រៀន​ឱ្យ​បុត្រី​ឆ្លាតវៃ ចេះ​ពឹង​ពាក់​ខ្លួន​ឯង​និង​រឹងមាំ៕

Telegram-Troryorng
Share.