ថ្វីបើសមត្ថកិច្ចបានអប់រំផ្សព្វផ្សាយជាច្រើនលើក ច្រើនសារហើយក្ដី ប៉ុន្ដែករណី​ឡានដឹកដី ដឹកខ្សាច់ ក្រួសថ្ម នៅតែដឹកលើស ឬការដឹកហ៊ុំព័ទ្ធ​ឲ្យបានត្រឹមត្រូវ​បច្ចេកទេស​ នៅតែកើតមាន។

ជាក់ស្ដែងថ្មីៗនេះ វីដេអូខ្លីមួយដែលផ្ញើមកសារព័ត៌មានត្រយង ប្រជាពលរដ្ឋបានថតរូប​ឡានដឹកក្រួសថ្ម នៅតាមបណ្ដោយផ្លូវជាតិលេខ៤ បានដឹកជញ្ជូន​ដោយពុំបាន​ហ៊ុំព័ទ្ធ​ឲ្យបានត្រឹមត្រូវ ជាហេតុ​នាំ​ឲ្យ​កម្ទេចថ្ម ឬខ្សាច់​ជ្រុះតាមផ្លូវ ញាំងឲ្យប៉ះពាល់​ដល់​អ្នក​បើកបរដទៃទៀត។​

កន្លងមកអាជ្ញាធររមែងចុះផ្សព្វផ្សាយណែនាំ​ជុំវិញ​ ឡាន​ដឹក​ដី ដឹក​ខ្សាច់ ក្រួស​ថ្ម ឲ្យ​ដឹក​តាម​ចំណុះ កុំ​ដាក់​រហូតដល់​ពេញ​ហៀរហូរ ជ្រុះ​តាមផ្លូវ​។ នៅ​ទ្រុង​ឡាន​ទាំងនោះ ក៏ត្រូវ​បិទបាំង​តង់​កៅស៊ូ​ត្រឹមត្រូវ ការពារ​កុំ​ឲ្យ​ដី ខ្សាច់ ក្រួស ថ្ម ធ្លាក់​នៅពេល​ដឹកជញ្ជូន​តាមផ្លូវ​។

ទន្ទឹមគ្នានេះ មុនពេល​ចេញពី​ដេប៉ូ​លក់​ខ្សាច់ ក្រួស ថ្ម ឬក៏​មុនពេល​ចេញពី​រណ្តៅ​ដី ក៏ត្រូវ​តែ​បាញ់​ទឹក ​លាង​កង់ឡាន​ឲ្យ​ស្អាត​​​។ នៅពេល​ទម្លាក់​ខ្សាច់ ដី ក្រួស ថ្ម នៅ​ការដ្ឋាន​ហើយ មុននឹង​ចេញពី​ការដ្ឋាន ក៏ត្រូវ​បាញ់​លាង​សម្អាត​​ឡាន​​នោះ​​ម្តងទៀត​៕

Share.