បាត់ដំបង៖ សមត្ថកិច្ចជំនាញបើកការចុះបង្ក្រាបករណីលួចលេងល្បែងស៊ីសងឆ្នោត ឃាត់ខ្លួនមេម្ចាស់ទីតាំងចំនួនជិត ១០ នាក់នៅក្នុងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង។

លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀងបានបញ្ជាក់ឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបជាបន្តបន្ទាប់ខាងលើនេះជាការអនុវត្តតាមនូវវិធានទប់ស្កាត់បទល្មើស និងល្បែងស៊ីសងគ្រប់ប្រភេទ ក្រោមការដឹកនាំបញ្ជាពី ឯកឧត្ដម ឧត្ដមសេនីយ៍ ទោ សាត គឹមសាន ស្នងការ នៃស្នងការ ដ្ឋាននគរបាលខេត្តបាត់ដំបង។ ការអនុវត្តបង្ក្រាបធ្វើឡើងនៅលើគោលដៅចំនួន៧ ឋិតក្នុងចំណុចឃុំចំនួន ០២ ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។

ករណីបង្ក្រាបក្នុងចំណោមទីតាំងបើកល្បែងខុសច្បាប់ទាំង ០៧កន្លែងនេះ សមត្ថកិច្ចនគរ បាលបានឃាត់ខ្លួនបានអ្នកកត់កន្ទុយលេខជាស្ត្រីចំនួន ០៧ នាក់ រួមទាំងវត្ថុតាងកាតុងលេខឆ្នោត សៀវភៅ និងសម្ភារៈបម្រើការលក់ ទិញឆ្នោតមួយចំនួនទៀត។

លោកវរសេនីយ៍ទោ បន្តដែរថា ពេលនេះនគរបាលស្រុកកំរៀងកំពុងរៀបចំសាកសួរស្រាវជ្រាវ ដែលគ្រោងអនុវត្តនីតិវិធីដោយតម្រូវឲ្យធ្វើកិច្ចសន្យាអប់រំណែនាំ ឬត្រូវរៀបចំបញ្ជូនមេឆ្នោតទាំងអស់ទៅកាន់ការិយាល័យជំនាញដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់យ៉ាងណានៅមិនទាន់សម្រេចនៅឡើយ៕

អត្ថបទ៖ ដំបងក្រញូង

Share.