អង្គការសុខភាពពិភពលោក បានយល់ព្រមអនុម័តប្រើប្រាស់វ៉ាក់សាំងរបស់ឥណ្ឌាក្នុងលក្ខខណ្ឌបន្ទាន់ហើយ ដែលវ៉ាក់សាំងនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនជីវបច្ចេកវិទ្យា បារ៉ាត បាយអូអ៊ិនថិច (Bharat BioNTech)។

វ៉ាក់សាំងកូវ៉ាក់ស៊ីន (Covaxin) នេះ ត្រូវបានទទួលស្គាល់ក្នុងប្រទេសឥណ្ឌាកាលពីខែ មករា ខណៈដែលដំណាក់កាលទី ៣ នៃការសាកល្បងកំពុងដំណើរការ ហើយវាក៏បានធ្វើឲ្យមានការព្រួយបារម្ភ និង ការរិះគន់ពីសំណាក់មហាជនមួយចំនួនដែរ។

ក្រុមហ៊ុនផលិតវ៉ាក់សាំងរបស់ប្រទេសឥណ្ឌានេះ ក៏បានចេញផ្សាយពីប្រសិទ្ធភាពវ៉ាក់សាំងរបស់ខ្លួនដែល ដោយវាអាចមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសកូវីដ១៩ ចំនួន ៧៨%។ អ្នកជំនាញមួយចំនួនក៏បានសង្កត់ធ្ងន់ទៅលើទិន្នន័យមិនពេញលេញរបស់វ៉ាក់សាំង និង បានប្រាប់ថាវ៉ាក់សាំងនេះឆាប់អនុម័តឲ្យប្រើប្រាស់ឆាប់រហ័សពេក ប៉ុន្ដែលោក គ្រីសញ៉ា អ៊ីឡា (Chrisnha Ella) ប្រធានក្រុមហ៊ុន បារ៉ាត បាយអូអ៊ិនថិច (Bharat BioNTech) បាននិយាយថា បច្ចុប្បន្នវ៉ាក់សាំងនេះគឺមានសុវត្ថិភាព ២០០% ឯណោះ។ ជាមួយគ្នាអង្គការសុខភាពពិភពលោកជឿថា វ៉ាក់សាំងកូវ៉ាក់ស៊ីន (Covaxin)នេះមានប្រសិទ្ធភាពច្រើនជាងហានិភ័យ និងថាវ៉ាក់សាំងនេះ គឺត្រូវតាមកម្រិតស្ដង់ដា របស់អង្គការសុខភាពពិភពលោកផងដែរ។

ការចុះបញ្ជីប្រើប្រាស់ជាបន្ទាន់ និង អនុញ្ញាតឲ្យក្រុមហ៊ុន បារ៉ាត បាយអូអ៊ិនថិច នាំចេញវ៉ាក់សាំង កូវ៉ាក់ស៊ីន (Covaxin) ទៅកាន់ប្រទេសផ្សេងៗបាន ដោយគ្រាន់តែគោរព និង អនុម័តតាមសេចក្ដីណែនាំរបស់ WHO។ ជាពិសេសវាក៏ជារឿងល្អមួយដែល សម្រាប់ប្រជាជនរាប់លាននាក់ក្នុងប្រទេសឥណ្ឌា ដែលមានឱកាសទទួលបានវ៉ាក់សាំងចាក់គ្រប់គ្រាន់ផង។ រហូតមកដល់ពេលនេះ ប្រទេសឥណ្ឌាបានចាក់វ៉ាក់សាំងជូនប្រជាជនដែលបានចាក់គ្រប់ដូស ចំនួនជាង ២៥៣លាននាក់ ឬ ប្រហែល ១ភាគ៤ នៃចំនួនប្រជាជនដែលមានសិទ្ធិទទួលវ៉ាក់សាំង ខណៈដែលមនុស្ស ៦៥៣លាននាក់ទៀត ឬ ប្រហែល ៧០% ទើបតែទទួលបានវ៉ាក់សាំងបង្ការមេរោគកូវីដ១៩ ត្រឹមតែ ១ដូស ប៉ុណ្ណោះ។

វ៉ាក់សាំង កូវ៉ាក់ស៊ីន (Covaxin) ក៏ទទួលបានការត្រួតពិនិត្យដោយក្រុមប្រឹក្សាយុទ្ធសាស្ត្រនៃអ្នកជំនាញថ្នាំបង្ការរបស់អង្គការសុខភាពពិភពលោក ដែលបានណែនាំឲ្យមានការចាក់វ៉ាក់សាំង កូវ៉ាក់ស៊ីន (Covaxin) ចំនួន ២ដូស ចន្លោះពីដូសទី១ទៅដូសទី២ រយៈពេល ៤សប្ដាហ៍សម្រាប់មនុស្សចាប់ពីអាយុ ១៨ឆ្នាំឡើងទៅ។ វ៉ាក់សាំងនេះនឹងមានប្រសិទ្ធភាពបណ្ដុះអង់ទីគ័រ ៧៨% ក្រោយពេលដែលចាក់វ៉ាក់សាំងដូសទី២ រយៈពេល ១៤ថ្ងៃ ឬ ច្រើនថ្ងៃជាងនេះ ។

គួរជម្រាបថា វ៉ាក់សាំង កូវ៉ាក់ស៊ីន (Covaxin) បានក្លាយជាវ៉ាក់សាំងទី ៧ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយអង្គការសុខភាពពិភពលោក បន្ទាប់ពីវ៉ាក់សាំង Sinovac, Sinopharm, Johnson & Johnson, Pfizer, Moderna និងវ៉ាក់សាំង AstraZeneca៕

ប្រភព៖ BBC

Telegram-Troryorng
Share.